ព្យុះ Idalia កំពុងវាយប្រហាររដ្ឋ Florida របស់អាមេរិក ខណៈអាជ្ញាធរត្រៀមជម្លៀសពលរដ្ឋ!
ព្យុះសង្ឃរា Idalia កំពុងបង្កើនឥទ្ធិពលហោះសំដៅទៅរដ្ឋ Florida ដោយនៅទីនោះ ប្រជាជនកំពុងរៀបចំខ្លួន ដើម្បីទប់ទល់នឹងផលប៉ះពាល់ ដែលបង្កឡើងដោយព្យុះកំណាចមួយនេះ។ យោងតាមមជ្ឈមណ្ឌល ព្យុះសង្ឃរាជាតិ, Idalia ត្រូវបានគេរំពឹងថាៈ នឹងពង្រឹងខ្លួនទៅជាព្យុះសង្ឃរាដ៏គ្រោះថ្នាក់មួយ ។ មុនពេលវាបោកបក់លើឆ្នេរនៃឈូងសមុទ្រ Florida នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហានេះ។ មជ្ឈមណ្ឌលនេះបានឲ្យដឹងទៀតថា “រលកសមុទ្រ និងកម្លាំងខ្យល់ខ្លាំង នឹងអាចគំរាមកំហែងដល់អាយុជីវិត នៅពេលវាវាយប្រហារ នៅតាមបណ្តោយឆ្នេរសមុទ្រនៅយប់ថ្ងៃពុធ និងព្រហស្បតិ៍”។ ស្របពេលជាមួយគ្នានោះ អភិបាលរដ្ឋ Florida លោក Ron DeSantis បានប្រកាសដាក់តំបន់ចំនួន ៤៩ ក្នុងគ្រាអាសន្ន ហើយសេចក្តីជូនដំណឹងអំពីការជម្លៀស ត្រូវបានចេញនៅក្នុងស្រុកចំនួន ២៨ ។ ទន្ទឹមនោះ អំឡុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃអង្គារ លោកបានជំរុញឲ្យប្រជាជន ត្រូវចាកចេញជាបន្ទាន់ ប្រសិនបើពួកគេស្ថិតនៅក្នុងតំបន់ជម្លៀស។យោងតាមការិយាល័យ អភិបាលក្រុងបានឲ្យដឹងថាៈ សេវាសាធារណៈនានា ត្រូវបានផ្អាកនៅព្រឹកថ្ងៃអង្គារ តាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចនៃរដ្ឋ Florida ។
ហើយជម្រកសុវត្ថិភាពចំនួន ៥០ត្រូវបានរៀបចំឡើង ស្របពេលដែលសាលារៀនរាប់សិបកន្លែង នៅទូទាំងរដ្ឋ Florida ក៏ត្រូវបិទផងដែរនៅសប្តាហ៍នេះ៕ សម្រួលដោយ ទៀង បុណ្ណរី