តម្លៃគ្រាប់ស្វាយចន្ទីបានហក់ឡើងវិញ ក្រោយកសិករផ្អាកលក់មួយរយៈ
សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា តម្លៃស្វាយចន្ទីបានហក់ឡើងវិញ បន្ទាប់ពីកសិការផ្អាកលក់ចេញនាប៉ុន្មានខែកន្លងមកនេះ ដោយសារតម្លៃទាប។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់នៅថ្ងៃច័ន្ទទី ៣០ ខែសីហា ឆ្នាំ ២០២៣នេះថា គ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃល្អជាងឆ្នាំកន្លងទៅដោយសារតែគុណភាពល្អ ខណៈអាកាសធាតុឆ្នាំនេះ ក៏ល្អជាងឆ្នាំមុនដែលធ្វើឱ្យភាគរយសាច់បាត់ខ្ពស់។ លោក អួន ស៊ីឡុតបញ្ជាក់ថា៖ «ឆ្នាំមុន យើងលក់បានតែ១គីឡូ ៥ ៦០០ រៀល បច្ចុប្បន្នលក់បាន ៦ ៧០០ រៀល ក្នុង១គីឡូ»។ កសិករបានចាប់ផ្ដើមបញ្ចេញលក់គ្រាប់ស្វាយចន្ទីនៅអំឡុង ខែសីហា ដោយសារតម្លៃល្អអាចទទួលយកបាន។ ទិន្នន័យរបស់សមាគមស្វាយចន្ទីរកម្ពុជាបង្ហាញថា នៅក្នុងរយៈពេល ៧ ខែឆ្នាំ ២០២៣ ផលិតកម្មស្វាយចន្ទីទទួលបានជាង ៦ សែនតោន (៦២០ ០០០) ដែលមានទឹកប្រាក់ ៨០៥ លានដុល្លារថយចុះ ១៥,៩ ភាគរយ បើធៀបរយៈកាលដូចគ្នាក្នុងឆ្នាំ ២០២២៕ សម្រួលដោយ ទៀង បុណ្ណរី