ទឹកហូរបុកច្រាំងទន្លេបាក់ច្រោះប្រវែង ៦០០ ម៉ែត្រនៅស្រុកពាមរក៍
ចរន្តទឹកទន្លេមេគង្គបានហូរបុកច្រាំងបណ្ដាលឱ្យច្រាំងទន្លេប្រវែងប្រមាណ ៦០០ ម៉ែត្ររងការបាក់ច្រោះ ស្ថិតនៅភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង។ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងែទី ២៩ ខែសីហា ឆ្នាំ២០២៣ បានចុះពិនិត្យច្រាំងទន្លេ ដែលច្រោះបាក់ ប្រឈមដល់ផ្លូវជាតិលេខ១១ ស្ថិតក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ (ក) ស្រុកពាមរក៍ ខេត្តព្រៃវែង។ ទីតាំងច្រាំងទន្លេដែលហូរច្រោះប្រឈមប៉ះពាល់ដល់ផ្លូវជាតិលេខ១១នេះ មានប្រវែងប្រមាណ ៦០០ម៉ែត្រ និងបានបាក់ហូរច្រោះកៀកផ្លូវជាតិប្រមាណ ៤ម៉ែត្រប៉ុណ្ណោះ សម្រាប់ទីតាំងដែលប្រឈមខ្លាំង។ ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ថា កត្តាចម្បងនៃការច្រោះបាក់នេះ បណ្តាលមកពីចរន្តទឹកទន្លេមេគង្គហូរបុកច្រាំង។ ក្រុមការងារបច្ចេកទេសនឹងសិក្សាពីវិធានការការពារច្រាំងនេះ ដេីម្បីទប់ទល់ការបាក់ដល់ផ្លូវជាតិ និងផ្ទះសម្បែងប្រជាជនតទៅទៀត៕ សម្រួលដោយ ទៀង បុណ្ណរី