រថយន្ត៣គ្រឿង បុកបន្តគ្នាបណ្តាលឱ្យរបួស៦នាក់ នៅស្រុកកំពង់ត្រឡាច!
កំពង់ឆ្នាំង)៖ រថយន្តធំ-រថយន្តដឹកកម្មករ រួមនិងរថយន្តព្រូស បានបុកបន្តគ្នា បណ្តាលឱ្យរងការខូចខាត និងមនុស្សចំនួន៦នាក់។ ហេតុការណ៍នេះ បានកើតឡើងនៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៣។ មន្ត្រីនគរបាលបានឱ្យដឹងថា នៅមុនកើតហេតុ រថយន្តម៉ាកហីណូផ្លាកលេខភ្នំពេញ 5A-2974 បើកពីត្បូងទៅជើង។ លុះមកដល់កន្លែងខាងលើ ក៏បត់ត្រឡប់ក្រោយ។ ពេលនោះ មានរថយន្តម៉ាក់ហ៊ីយ៉ាន់ដាយផ្លាកលេខកំពង់ឆ្នាំង3A-1535 បើកបរដោយបុរសឈ្មោះ អ៊ូ ណេង អាយុ៦២ឆ្នាំ ដឹកកម្មករចំនួន៦៨នាក់ក៏បុករថយន្តកំពុងបត់នោះ ពេញទំហឹងតែម្តង។ គ្រានោះដែរ រថយន្តដឹកកម្មករក៏ជ្រុលទៅបុករថយន្តម៉ាកតូយូតាព្រូស ផ្លាកលេខភ្នំពេញ 2BT-1706 បើកបរដោយឈ្មោះ ង៉ែត សាវ៉េត អាយុ៣៣ឆ្នាំ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឱ្យកម្មករចំនួន៦នាក់រងរបួសនិងខូចខាតរថយន្តទាំង៣គ្រឿង។ ភ្លាមៗជនរងគ្រោះ ត្រូវបានដឹកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។ ក្រោយពីមានហេតុការណ៍ តៃកុងរថយន្តធំបានរត់គេចខ្លួនបាត់បន្សលតែរថយន្តនៅកន្លែង។ បន្ទាប់មកកម្លាំងនគរបាលបានចុះពិនិត្យ ហើយបានយករថយន្តទាំង៣គ្រឿងទៅទុកនៅផ្នែកចរាចរណ៍ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕ សម្រួលដោយ ទៀង បុណ្ណរី