មេពន្ធនាគារថៃ៖ លោក ថាក់ស៊ីន អាចស្នើសុំការលើកលែងទោសពីព្រះមហាក្សត្របាន
មេពន្ធនាគារថៃ បានបញ្ជាក់ច្បាស់ៗថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចស្វែងរកការលើកលែងទោសពីព្រះមហាក្សត្របាន ខណៈក្រុមប្រឆាំងជំទាស់នឹងសំណើនេះ ព្រោះលោកមិនទាន់ត្រូវបានស៊ើបអង្កេតពីបទប្រមាថព្រះមហាក្សត្រនៅឡើយទេ។ លោក ណាទី ថងផ្លាត មេពន្ធនាគារ រ៉េម៉ាន់ ក្រុងបាងកក បានលើកឡើងថា លោក ថាក់ស៊ីន មានសិទ្ធិស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រ ហើយលោក ឬសាច់ញាតិរបស់លោកនឹងត្រូវរៀបចំហេតុផលគ្រប់គ្រាន់ ដើម្បីគាំទ្រសំណើនេះ។ លោកបន្តថា ពាក្យស្នើសុំលើកលែងទោសពីព្រះមហាក្សត្រចាប់ផ្ដើមនៅពន្ធនាគាររបស់អ្នកដាក់ញត្តិ បន្ទាប់មកអាជ្ញាធរពន្ធនាគារនឹងពិនិត្យញត្តិជាលាយលក្ខណ៍អក្សរ រួចបញ្ជូនបន្តទៅនាយកដ្ឋានកែសម្រួល។ ក្រោយការត្រួតពិនិត្យ ញត្តិនោះនឹងត្រូវបញ្ជូនទៅក្រសួងយុត្តិធម៌ លេខាធិការដ្ឋានខុទ្ទកាល័យ និងចុងក្រោយទៅការិយាល័យរបស់ព្រះមហាក្សត្រ។ ឯកសារទាំងនោះតម្រូវឱ្យមានមានទម្រង់បែបបទស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ ហើយអ្នកដាក់ញត្តិនឹងត្រូវបង្ហាញឯកសារផ្សេងទៀត ដើម្បីបង្ហាញពីការរួមចំណែកក្នុងសង្គមកន្លងមក និងកំណត់ត្រាវេជ្ជសាស្ត្រ។ បន្ថែមពីនោះ លោក ណាទី ក៏បានឱ្យដឹងដែរថា អ្នកសួរសុខទុក្ខនឹងត្រូវបានអនុញ្ញាតឱ្យជួបលោក ថាក់ស៊ីន នៅមន្ទីរពេទ្យ Police General ចាប់ពីថ្ងៃចន្ទទី២៨ ខែសីហានេះតទៅ ដោយកំណត់ចំនួនត្រឹម១០នាក់ ក្នុងមួយថ្ងៃ។ លោកបន្ថែមថា ពួកគេនឹងត្រូវចុះឈ្មោះជាមុន ហើយត្រូវបានហាមឃាត់មិនឱ្យបង្ហាញអំណោយ ឬវត្ថុអនុស្សាវរីយ៍ណាមួយដល់លោក ថាក់ស៊ីន។ យ៉ាងណាមិញ គណបក្ស ថៃបៈឌី បានលើកឡើងថា ខ្លួនជំទាស់នឹងសំណើសុំលើកលែងទោសពីព្រះមហាក្សត្ររបស់លោក ថាក់ស៊ីន ពីព្រោះលោកមិនទាន់ត្រូវបានកាត់ទោសពីបទប្រមាថព្រះមហាក្សត្រនៅឡើយទេ។ យោងតាមគណបក្សនេះ យោធាបានចោទប្រកាន់លោក ថាក់ស៊ីន នៅក្នុងតុលាការព្រហ្មទណ្ឌពីបទបរិហារកេរ្តិ៍ និងរំលោភលើមាត្រា១១២ នៃក្រមព្រហ្មទណ្ឌថៃ។ តុលាការបានទទួលយកសំណុំរឿងនេះទៅជំនុំជម្រះនៅឆ្នាំ២០១៥ ហើយបានចេញដីកាចាប់ខ្លួនលោក ថាក់ស៊ីន ដែលមិនចូលខ្លួននៅតុលាការតាមដីកា។ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន អាយុ៧៤ឆ្នាំរូបនេះ ត្រូវបានបញ្ជូនពីពន្ធនាគារ រ៉េម៉ាន់ ទីក្រុងបាងកក ទៅកាន់មន្ទីរពេទ្យប៉ូលិសទូទៅ បន្ទាប់ពីមានអាការៈតឹងទ្រូង និងសម្ពាធឈាមឡើងខ្ពស់នៅយប់ដំបូងនៅក្នុងពន្ធនាគារដែលលោកត្រូវបានដាក់ទោស ឱ្យជាប់គុករយៈប្រាំបីឆ្នាំ។ លោក សុផុនរ៉ាត ស៊ីងហាចារូ ដែលជាវេជ្ជបណ្ឌិតជាន់ខ្ពស់នៅមន្ទីរពេទ្យប៉ូលិសទីក្រុងបាងកក បានប្រាប់អ្នកយកព័ត៌មានថា៖«លោកកំពុងក្អកខ្លាំង [..] ហើយអ្នកឯកទេសបេះដូង និងសួតមានការព្រួយបារម្ភជាខ្លាំង»។ លោកបន្តថា «មន្ទីរពេទ្យរបស់លោកនឹងមិនបង្ហាញព័ត៌មានលម្អិតអំពីអ្នកជំងឺ ដែលកំពុងព្យាបាលនៅទីនោះទេ ព្រោះពួកគេត្រូវបានការពារក្រោមច្បាប់។ ដើម្បីបង្ហាញព័ត៌មានណាមួយ អ្នកត្រូវការ[..]ការអនុញ្ញាតពីអ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ»។ ស្ថានភាពសុខភាពរបស់លោក ថាក់ស៊ីន កាន់តែធ្ងន់ធ្ងរ ប៉ុន្តែការផ្ទេរទៅមន្ទីរពេទ្យឯកជនត្រូវបានបដិសេធ។ ទោះជាយ៉ាងណា លោកថាក់ស៊ីន អាចទៅមន្ទីរពេទ្យកន្លែងផ្សេងទៀត ប្រសិនបើរកឃើញថា ការព្យាបាលនៅមន្ទីរពេទ្យទូទៅមិនមានប្រសិទ្ធភាព។ លោក សុផុនរ៉ាត ស៊ីងហាចារូ បានអះអាងថា៖«មន្ទីរពេទ្យអគ្គស្នងការដ្ឋាននគរបាលជាតិ មិនមានអំណាចបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យឯកជនណាមួយឡើយ យើងមានភារកិច្ចព្យាបាលអ្នកជំងឺតែប៉ុណ្ណោះ។ យើងមិនពាក់ព័ន្ធនឹងបញ្ហានយោបាយ ឬសន្តិសុខទេ»។ គួរបញ្ជាក់ថា បន្ទាប់ពីបាននិរទេសខ្លួនឯងអស់រយៈពេលជាង១៥ឆ្នាំ នៅក្រៅប្រទេស លោក ថាក់ស៊ីន បានវិលត្រឡប់ចូលប្រទេសវិញនៅថ្ងៃទី២២ ខែសីហា។ តុលាការកំពូលបានកាត់ទោសលោកឱ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំសម្រាប់សំណុំរឿងរបស់លោក៕ សម្រួលដោយ ទៀង បុណ្ណរី