ក្រោយមានការ​ជាប់​គាំង​លើ​កន្រ្ត​ក​ខ្សែកាប​កម្ពស់២៧៤ម៉ែត្រ រយៈពេល១៦ម៉ោង គ្រូ និង​សិស្ស៨នាក់ រៀបរាប់​បទពិសោធន៍​ដ៏​ស្លុត​ចិត្ត លែង​ចង់ទៅ​សាលា​ទៀត​ហើយ

ករណីដ៏គួរឲ្យស្លុតចិត្ត ដែលគ្រូបង្រៀន និងសិស្សចំនួន ៨ នាក់ នៅក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានជាប់គាំងនៅលើអាកាសកម្ពស់ ២៧៤ ម៉ែត្រ អស់រយៈពេល ១៦ ម៉ោង ដោយសារកន្រ្តកខ្សែកាប មិនដំណើរការ បានទាក់ទាញចំណាប់អារម្មណ៍ ពីភ្នាក់ងារសារព័ត៌មានអន្តរជាតិ។  យោងតាមកាសែត DailyMail , ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅម៉ោងប្រហែល 7:00 ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ សិស្ស និងគ្រូបង្រៀនទាំង៨នាក់ ដែលជាប់គាំងនៅលើកន្រ្តកខ្សែកាប គឺមកពីវិទ្យាល័យសាធារណៈ Battangi Pashto ដែលមានទីតាំងនៅភ្នំដាច់ស្រយាលនៃ Battagram ចម្ងាយ 120 ម៉ាយភាគខាងជើងនៃរដ្ឋធានី Islamabad ។  ដំបូងឡើយ ក្រុមសង្គ្រោះបានគ្រោងជួយសង្គ្រោះដោយឧទ្ធម្ភាគចក្រ និងបានជួយសង្គ្រោះសិស្សក្មេងជាងគេ១នាក់បានដោយជោគជ័យ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព ក្រុមជួយសង្គ្រោះបានជ្រើសរើសជួយសង្គ្រោះមនុស្ស ៧ នាក់ ដែលនៅសល់នៅលើកន្រ្តកខ្សែកាប ដោយខ្សែហ្ស៊ីបអូសនៅលើអាកាស។ ដោយសារតែអាកាសធាតុមិនអំណោយផល វាបានចំណាយពេល ១៦ ម៉ោង ដើម្បីជួយសង្គ្រោះពួកគេដោយជោគជ័យ។  វីដេអូដែលត្រូវបានផ្សព្វផ្សាយដោយ SkyNews បានធ្វើឱ្យមនុស្សជាច្រើនមានការភ័យញ័រជំនួសពួកគេយ៉ាងខ្លាំង ខណៈបានឃើញជនរងគ្រោះដែលជាប់ក្នុងកន្រ្តកខ្សែកាប បានផ្តុំគ្នាក្នុងកន្លែងដ៏ចង្អៀត។ ពួកគេទាំង​អស់​គ្នា​មិន​ហ៊ាន​រើ​ទាល់​តែ​សោះ ព្រោះ​ខ្លាច​កន្រ្តក​ខ្សែកាប​បាត់បង់​លំនឹង ហើយ​អាច​ធ្លាក់​គ្រប់​ពេល។   បន្ទាប់ពីត្រូវបានជួយសង្គ្រោះ Attaullah Shah អាយុ ១៥ ឆ្នាំ បាននិយាយថា «ខ្ញុំគិតថា នេះគឺជាថ្ងៃចុងក្រោយនៃជីវិតរបស់ខ្ញុំហើយ។ ខ្ញុំប្រហែលជាមិនមានជីវិតទៀតទេ ប៉ុន្តែព្រះជាម្ចាស់បានប្រទានជីវិតទីពីរដល់ខ្ញុំ»។  យុវជនឈ្មោះ Gul Faraz ដែលក៏បានជិះលើកន្រ្តកខ្សែកាប បាននិយាយថា គាត់នឹងមិនភ្លេចបទពិសោធន៍នៃវេលាជីវិតដ៏រន្ធត់បានឡើយ។ Gul Faraz បានរៀបរាប់បន្តថា ខណៈពេលដែលកំពុងរង់ចាំការជួយសង្គ្រោះ រូបគេតែងតែភ័យខ្លាចថា កន្រ្តកខ្សែកាបនឹងធ្លាក់មកដី និងបានប្រាប់អ្នកគ្រប់គ្នាថា «ខ្ញុំប្រហែលឈប់ជិះទៀតហើយ»។  ទោះជាយ៉ាងណាក៏ដោយ ជំងឺបាក់ស្បាតរបស់ពួកគេ អាចក្លាយជាការពិតបាន លុះត្រាតែមានសាលារៀនមួយ ត្រូវបានសាងសង់នៅជិតភូមិដែលពួកគេរស់នៅ។  ក្រោយពេលកើតហេតុ ប្រធានក្រុមហ៊ុនខ្សែកាប្លិ៍លោក Gul Zarin ត្រូវបានចាប់ខ្លួនពីបទធ្វេសប្រហែស មិនអើពើវិធានការសុវត្ថិភាព និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។ រដ្ឋាភិបាលក្នុងតំបន់ន់នេះក៏បាននិយាយផងដែរថា ពួកគេបានបិទផ្លូវកន្រ្តកខ្សែកាបដែលមិនមានសុវត្ថិភាពទាំងអស់។  យោងតាមគ្រូបង្រៀននៅសាលាម្នាក់ គឺមិនមែនមានតែគ្រូបង្រៀន និងសិស្សចំនួន ៨ នាក់ ដែលបានជួបហេតុការណ៍នេះប៉ុណ្ណោះទេ គឺនៅមានសិស្សប្រហែល ១៥០ នាក់ផ្សេងទៀត ដែលត្រូវពឹងផ្អែកលើកន្រ្តកខ្សែកាប ដើម្បីទៅសាលារៀនជារៀងរាល់ថ្ងៃ​ ក៏ត្រូវប្រឈមហានិភ័យគ្រោះថ្នាក់ផងដែរ។ Ata Ullah សិស្សម្នាក់ដែលត្រូវបានជួយសង្គ្រោះចុងក្រោយគេ បាននិយាយថា «ខ្ញុំភ័យខ្លាចយ៉ាងខ្លាំង ចំពោះខ្សែកាប្លិ៍ ប៉ុន្តែមិនមានជម្រើសទេ នៅពេលដែលកន្រ្តកខ្សែកាបត្រូវបានជួសជុល គឺខ្ញុំនៅតែត្រូវប្រើមធ្យោបាយតែមួយគត់នេះ ដើម្បីទៅសាលារៀន»៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង