ក្រុមហ៊ុន៤ ដែលបោះទុនវិនិយោគជិត ២៨០លានដុល្លារ បង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ
ក្រុមហ៊ុនចំនួន៤ មានទុនវិនិយោគ ២៧៩ លានដុល្លារ នឹងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ រោងចក្រផលិតសម្ភារៈប្រើប្រាស់ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតកាបូបគ្រប់ប្រភេទ នៅខេត្តកំពង់ស្ពឺ ដោយបានបង្កើតការងារសរុប ៩៣៥៥នាក់។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។ ១-“CONCH KT CEMENT (PHNOM PENH) COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៥៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។ ២-“NENGLI HARDWARE PLASTIC PRODUCTS CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ (ធ្នើ កន្ត្រក…) ពីដែក និងប្លាស្ទីក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ១០,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤.៨៧០កន្លែង។ ៣-“ARTIVERSE (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.០៨៦កន្លែង។ ៤-“KH BEST FAITH MANUFACTURING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប និងសានូគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសណ្តុល ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៩៣១កន្លែង។ ក្រៅពីក្រុមហ៊ុនទាំងបួនខាងលើនេះកាលពីថ្ងៃទី ២៤ សីហា លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មានជំនួបជាមួយប្រធានរោងចក្រកាត់ដេរសម្លៀកបំពាក់ ជេនេរ៉ល អីនធើប្រាយ។ លោកអភិបាលខេត្ត សរសេរដូច្នេះថា« សូមស្វាគមន៍ការមកដល់របស់រោងចក្រកាត់ដេរសម្លៀកបំពាក់ជេនេរ៉ល អីនធើប្រាយ»។ បើតាមលោក វ៉ី សំណាង រោងចក្រនេះស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ គីឡូម៉ែត្រលេខ៤៦ ក្នុងភូមិសាស្ត្រឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ លោក Ray Chen ប្រធានរោងចក្រកាត់ដេរសម្លៀកបំពាក់ ជេនេរ៉ល អីនធើប្រាយ បានលើកឡើងថា ជំហានទីមួយរោងចក្រជេនេរ៉ល អីនធើប្រាយ ត្រូវការកម្មករចំនួន៦០០០នាក់-៨០០០នាក់៕ សម្រួលដោយ ទៀង បុណ្ណរី