ព្រហ៊ើនណាស់ហ៊ានយកពឹលឆក់ប្លន់ម៉ូតូ តែត្រូវសមត្ថកិច្ចក្របួចជាប់
កណ្តាល ៖ ពិតជាព្រហ៊ើនពេកហើយ ជនសង្ស័យម្នាក់ដោយសារដាច់យ៉ៃ បានប្រថុយយកពឹលឆក់ទៅឆក់ម្ចាស់ម៉ូតូឌុបម្នាក់ បណ្តាលឱ្យដួលទៅនឹងដី តែសំណាងល្អត្រូវបានសមត្ថកិច្ចល្បាតមកទាន់ ក៏ចាប់ខ្លួនជនសង្ស័យនោះតែម្តង។ ហេតុការណ៍ប្លន់ដោយយកពឹលឆក់នេះ កើតឡើងនៅវេលាម៉ោង ០៩និង៣០នាទីយប់ ថ្ងៃទី២៤ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្លួវលំមួយកន្លែង ស្ថិតនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ អធិការស្រុកស្អាងលោកវរសេនីយ៍ឯក រស់ ចាន់ថា ឱ្យដឹងថា ជនរងគ្រោះឈ្មោះ ឈឹម ប៊ុន ណាក់ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូឌុប មានទីលំនៅភូមិ ទួលក្រសាំង សង្កាត់រកាខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយមានស្នាមរបួសជង្គង់ខាងឆ្វេងនិងម្រាមជើងខាងឆ្វេង។ រីឯជនសង្ស័យឈ្មោះ ថន ជ័យ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកតាឌួង ស្រុលកោះធំ ខេត្តកណ្ដាល។ វត្ថុតាងចាប់យករួមមាន ម៉ូតូចំនួន០១គ្រឿងម៉ាក់ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ2022 ផ្លាកលេខកណ្ដាល1AN-5464(ជារបស់ជនរងគ្រោះ) ប្រអប់ពណ៌ចំនួន០១ មានភ្ជាប់ខ្សែភ្លើងមកជាមួយ ក្បាលគ្រាប់ឆក់ចំនួន០១ ធ្វើអំពីសំណភ្ជាប់ជាមួយដែកចុងស្រួចមានងៀង ភ្ជាប់ខ្សែភ្លើងមកជាមួយទូរស័ព្ទដៃម៉ាក ViVOចំនួនមួយគ្រឿង។ លោកអធិការបញ្ជាក់ថា មុនកើតហេតុជនសង្ស័យបានជួលអ្នកម៉ូតូឌុប ដែលជាជនរងគ្រោះ ក្នុងតំលៃ២០០០០រៀល ជិះពីតាខ្មៅទៅវត្តស្អាងភ្នំ លុះពេលជនរងគ្រោះឌុបមកដល់ចំណុចវត្តស្អាងភ្នំ ជនសង្ស័យបានប្រាប់ជនរងគ្រោះឱ្យឌុបទៅមុខប្រហែល២០០ម៉ែត្រទៀត ពីវត្តស្អាងភ្នំជាកន្លែងស្ងាត់ ក៏ស្រាប់តែជនសង្ស័យ បានយកឧបករណ៍ឆក់ចង្កេះជនរងគ្រោះ បណ្ដាលឱ្យស្ពឹកពេញខ្លួនរួច ហើយជនរងគ្រោះបានចាប់ឧបករណ៍ឆក់នោះជាប់ រួចបានផ្ដួលម៉ូតូទៅនឹងផ្លូវ នឹងដី និងបានចាក់សោកម៉ូតូ ស្រាប់តែជនសង្ស័យ បានដណ្ដើមសោម៉ូតូពីជនរងគ្រោះ រួចហើយជនរងគ្រោះបានស្រែកឆោឡោឡើង ខណៈពេលនោះកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្អាងភ្នំ និងប្រជាការពារកំពុងល្បាតចម្ងាយ១០០ម៉ែត្រ ពីទីតាំងកើតហេតុ បានឃើញក៏ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកឧបករណ៍ឆក់ប្លន់ម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ ហើយបច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង បញ្ជូនបន្តទៅស្នងការនគរបាលខេត្ត ចាត់ការតាមនីតិវិធី៕ សម្រួលដោយ ទៀង បុណ្ណរី