អ្នកម្តាយគួរប្រុងប្រយ័ត្ន..! ស្ត្រីម្នាក់រវល់ដណ្តាំបាយ ទុកកូនស្រីអាយុជិត២ខួបនៅម្នាក់ឯង ដឹងអីនាងដើរទៅលេងទឹកធុងលង់ស្លាប់
ខេត្តព្រៃវែង៖ មានកុមារីម្នាក់ឈ្មោះ ដា កញ្ញា អាយុជិត២ឆ្នាំ បានលង់ទឹកក្នុងធុងដែលមានកម្ពស់ត្រឹមជាងកន្លះម៉ែត្រស្លាប់នៅក្នុងបន្ទប់ទឹកយ៉ាងសង្វែក ខណៈម្តាយមិនប្រយ័ត្នទុកនាងឱ្យនៅម្នាក់ឯងហើយចេញទៅដណ្តាំបាយឯក្រៅ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ៈ៤០នាទីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិព្រហ្ម ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង…។ លោកអនុសេនីយ៍ឯក សុឹង សាលី នាយប៉ុស្តិ៍នគរបាលឃុំព្រៃភ្នៅ បានថ្លែងប្រាប់ តាមទូរសព្ទនៅរសៀលថ្ងៃដដែលនេះថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋចាងលើ លោកបានរាយការណ៍ទៅលោកអធិការនគរបាលស្រុកពារាំង ដើម្បីសុំគោលការណ៍ចុះត្រួតពិនិត្យសពនៅផ្ទះជនរងគ្រោះ ដែលមានម្តាយឈ្មោះ ឆៃ ភ័ណ្ឌ និងប្ដីឈ្មោះ ហេង ដា។ ភ្លាមៗ លោកអធិការបានចាត់ឱ្យលោកលោកវរសេនីយ៍ទោ មឿង រី អធិការរងទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌ មន្ត្រីសុខាភិបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀតចុះធ្វើកោសលវិច័យសព បានពិនិត្យឃើញថា សពកុមារី ដា កញ្ញា ដែលមានអាយុ១ឆ្នាំ១០ខែ ពិតជាបានស្លាប់ដោយសារលុងទឹកធុងនៅបន្ទប់ទឹកពិតប្រាកដមែន ព្រោះក្មេងនោះបានឡើងលើកូនកៅអីជំទើតលេងទឹក ក៏ធ្លាក់ចូលទៅក្នុងធុងបណ្តាលឱ្យលង់ស្លាប់តែម្ដង។ ដោយឡែក ស្ត្រីជាម្តាយបានទទួលស្គាល់ថា ខ្លួនពិតជាមានការធ្វេសប្រហែសដែលទុកកូនស្រីឱ្យនៅម្នាក់ឯង ហើយរវល់ទៅដណ្តាំបាយធ្វើម្ហូបកន្លែងផ្សេង លុះពេលមករកកូនមិនឃើញ នាងស្មានថាកូនរត់លេងទើបមិនចាប់អារម្មណ៍ រហូតដល់បាត់យូរពេក ទើបនាងដើរចូលរកនៅក្នុងបន្ទប់ទឹក ក៏ស្រាប់តែឃើញកូនស្លាប់ក្នុងធុងទឹកតែម្ដង។ ចំណែកប្រភពព័ត៌មានពីអ្នកក្បែរខាង បានឱ្យដឹងថា នាង ឆៃ ភ័ណ្ឌ ជាម្តាយហាក់មិនចាប់អារម្មណ៍ជាមួយកូនទេ ដូចមានអ្វីមកគ្របនាងឱ្យភ្លេចខ្លួនមួយសន្ទុះ ទើបដឹងខ្លួនឯងថាបាត់កូន ក៏បានផ្អើលឆោឡោតាមរក ហើយពេលរកឃើញគឺក្មេងស្រី ដា កញ្ញា បានផុតដង្ហើមបាត់ទៅហើយ គួរឱ្យសង្វែកណាស់។ នេះជាមេរៀនជីវិតមួយដែលអ្នកម្តាយមានកូនតូចគ្រប់រូប គួរមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្នុងការមើលថែទាំកូនៗដែលនៅតូចៗបែបនេះ ព្រោះនិស្ស័យក្មេងកឺរពិសណាស់ យ៉ាងមិនអាចទុកឱ្យពួកគេនៅតែម្នាក់ឯងបែបនេះទេ ព្រោះវាអាចនឹងជួបរឿងអកុសលដូចករណីខាងលើនេះ..៕ សម្រួលដោយ ទៀង បុណ្ណរី