នាយករដ្ឋមន្ត្រីថៃថ្មីជួបលោក ប្រាយុទ្ធ ពិភាក្សាការងារលើការដឹកនាំប្រទេស
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក ស្រេតថា ថាវីស៊ីន បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចាំផ្ទះ លោក ប្រាយុទ្ធ ចាន់អូចា នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៤ ខែសីហានេះ នៅវិមានរាជរដ្ឋាភិបាល…។ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានអមដំណើរនាយករដ្ឋមន្ត្រីទើបនឹងជាប់ឆ្នោតថ្មី លោក ស្រេតថា ទៅពិនិត្យអគារនានាក្នុងវិមានរាជរដ្ឋាភិបាល បន្ទាប់ពីសន្ទនាគ្នាប្រហែល៤៥នាទី។ លោក ស្រេតថា បានមកដល់វិមានរាជរដ្ឋាភិបាលនៅម៉ោង១១ព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីសុំយោបល់លើការដឹកនាំប្រទេសពីលោក ប្រាយុទ្ធ។ យ៉ាងណាមិញ អ្នកទាំងពីរមិនបានប្រាប់អ្នកកាសែតពីអ្វីដែលពួកគេបានពិភាក្សានោះទេ។ កាលពីថ្ងៃពុធទី២៣សីហា លោក ប្រាយុទ្ធ បានអបអរសាទរដល់លោក ស្រេតថា ផងដែរ ដោយលោកបានថ្លែងបន្ទាប់ពីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំគណៈរដ្ឋមន្ត្រីបណ្ដោះអាសន្ននៅវិមានរាជរដ្ឋាភិបាល «ខ្ញុំសូមជូនពរឱ្យលោក ស្រេតថា ជោគជ័យក្នុងការគ្រប់គ្រងប្រទេស»។ នេះជាការបញ្ជាក់របស់លោក ប្រាយុទ្ធ ។ លោក ប្រាយុទ្ធ បាននិយាយថា៖«រាជរដ្ឋាភិបាលរបស់លោកនឹងអស់តួនាទី នៅពេលដែលសមាជិកគណៈរដ្ឋមន្ត្រីដឹកនាំដោយលោក ស្រេតថា ស្បថសច្ចាប្រណិធាននៅចំពោះមុខព្រះមហាក្សត្ររួចរាល់។ នៅពេលដែលគណៈរដ្ឋមន្ត្រីថ្មីស្បថចូលកាន់តំណែង រាជរដ្ឋាភិបាលរបស់ខ្ញុំនឹងចេញពីតំណែង។ គ្រប់គ្នាគួរតែស្ងប់ស្ងាត់ យើងគោរពច្បាប់ និងនីតិវិធីប្រជាធិបតេយ្យ»។ ជំហានបន្ទាប់សម្រាប់ មេដឹកនាំថ្មី គឺការកំណត់បញ្ជីគណៈរដ្ឋមន្ត្រី និងពិនិត្យលក្ខណៈសម្បត្តិរបស់សមាជិកគណៈរដ្ឋមន្ត្រី ដែលស្នើឡើងមុននឹងបញ្ជូនបញ្ជី ដើម្បីសុំព្រះរាជក្រឹត្យ។ នៅពេលដែលព្រះករុណាទ្រង់សព្វព្រះរាជហឫទ័យ កាលបរិច្ឆេទសម្រាប់ពិធីស្បថចូលកាន់តំណែងនឹងត្រូវកំណត់ (ប្រហែលជានៅចុងខែកញ្ញា)។ សូមរំឭកថា ថៃរកបាននាយករដ្ឋមន្ត្រីទី៣០របស់ខ្លួននៅថ្ងៃទី២២ ខែសីហាកន្លងទៅ ក្រោយសភាថៃបានបើកសម័យប្រជុំជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី លោក ស្រេតថា ទទួលបានសំឡេងគាំទ្រ៤៨២ក្នុងចំណោម៧៤៧សំឡេង។ មេដឹកនាំថ្មីរូបនេះ កាលពីថ្ងៃពុធ បានសន្យាថា នឹងនាំមកនូវការរួបរួមដល់ប្រទេសថៃ និងជំរុញគោលនយោបាយដែលនឹងដោះស្រាយវិបត្តិ និងជំរុញប្រទេសឆ្ពោះទៅមុខ។ លោក ស្រេតថា បានសន្យាបន្ទាប់ពីទទួលបានព្រះរាជក្រឹត្យតែងតាំងលោក ជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេស ដោយប្តេជ្ញាថា នឹងធ្វើការឱ្យអស់ពីសមត្ថភាពប្រកបដោយតម្លាភាព និងសីលធម៌ ដើម្បីប្រយោជន៍សាធារណៈ៕ សម្រួលដោយ ទៀង បុណ្ណរី