ដំណឹងដ៏រីករាយ! កូនផ្សោតកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី

ខេត្តក្រចេះ៖ កូនផ្សោតថ្មីមួយទៀតដែលទើបនឹងមានអាយុប្រមាណជាពីរសប្តាហ៍ ត្រូវបានមន្ត្រីប៉ូលិសទេសចរណ៍ប្រចាំនៅរម្មណីយដ្ឋានអន្លង់ផ្សោតកាំពី និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ កត់ត្រាទុកក្រោយប្រទះឃើញកំពុងហែលលេងនៅអន្លង់កាំពី ស្ថិតក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។  ផ្អែកតាមការឱ្យដឹងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានគូសបញ្ជាក់ថា នៅវេលាម៉ោងប្រមាណជា១០:៣០នាទីព្រឹកថ្ងៃទី២១សីហា ក្រុមការងារជំនាញទទួលបានការរាយការណ៍ពីអ្នកបើកទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ពីការប្រទះឃើញកូនផ្សោតមួយក្បាល ត្រង់ចំណុចដើមក្តុល ក្នុងភូមិសាស្ត្រភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសម្បូរ ខេត្តក្រចេះ ក្នុងពេលកំពុងជូនភ្ញៀវទេសចរមើលសត្វផ្សោត។ ភ្លាមៗបន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ មន្ត្រីប៉ូលិសទេសចរណ៍ប្រចាំនៅរម្មណីយដ្ឋានអន្លង់ផ្សោតកាំពី និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ បានចុះទៅពិនិត្យ និងស្វែងរកកូនសត្វផ្សោតនោះ ហើយក៏បានប្រទះឃើញកូនផ្សោតនោះ ហែលលេងនៅក្នុងក្រុមហ្វូងផ្សោតធំប្រមាណជាប្រាំពីរក្បាលផ្សេងទៀត។ ជាការកត់សម្គាល់ កូនផ្សោតដែលបានប្រទះឃើញនេះ គឺជាកូនផ្សោត​ទី​៦​ហើយ ដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០២៣ ចាប់ពី ខែមករា ដល់ខែសីហានេះ។ សូមរម្លឹកដែរថា នៅក្នុងឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាលផងដែរ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង