លោក គីម ជុងអ៊ុន រិះគន់មន្ត្រីកំពូលៗដែលគ្មានទំនួលខុសត្រូវចំពោះការឆ្លើយតបគ្រោះទឹកជំនន់

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់មន្ត្រីកំពូលៗចំពោះការឆ្លើយតបនឹងទឹកជំនន់ ប្រកបដោយភាពគ្មានទំនួលខុសត្រូវរបស់ពួកគេ ពិសេសជុំវិញការខូចខាតដោយគ្រោះទឹកជំនន់ ភាពធ្វេសប្រហែសនេះ បានបំផ្លាញសេដ្ឋកិច្ចជាតិ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃអង្គារ ទី២២ ខែសីហា។  ទីភ្នាក់ងារសារព័ត៌មាន KCNA បានចុះផ្សាយថា លោក គីម បានត្រួតពិនិត្យដីលេចទឹកនៅឆ្នេរសមុទ្រភាគខាងលិចកាលពីថ្ងៃចន្ទ ទី២១ ខែសីហា បន្ទាប់ពីទឹកជន់លិចផ្ទៃដីជាង ៥៦០ហិកតា រួមទាំង វាលស្រែជាង ២៧០ ហិកតាផងដែរ។ លោក គីម បានស្តីបន្ទោស លោក គីម តុកហ៊ុន (Kim Tok Hun) ប្រធានខុទ្ទកាល័យ ដែលបានចុះពិនិត្យទីតាំងដែលត្រូវបានបំផ្លាញដោយទឹកជំនន់។ លោក គីម បានលើកឡើងថា៖«ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិន័យរដ្ឋបាលរបស់ខុទ្ទកាល័យលោក គីម តុកហ៊ុន កាន់តែថមថយ ហើយជាលទ្ធផល មន្រ្តីខិលខូចកំពុងបំផ្លាញសេដ្ឋកិច្ចរដ្ឋ ដោយប្រើចរិតការងារគ្មានការទំនួលខុសត្រូវ»។ លើសពីនេះ លោក គីម បាននិយាយថា ភាពមិនទទួលខុសត្រូវ និងការខ្វះវិន័យពីមន្ត្រីគឺជាបញ្ហាចម្បងដោយសារអាកប្បកិរិយាទន់ខ្សោយ និងការដឹកនាំមិនល្អរបស់ប្រធានខុទ្ទកាល័យ។  ដំណើរទស្សនកិច្ចក្នុងសប្តាហ៍នេះគឺជាការត្រួតពិនិត្យចុងក្រោយបង្អស់ដែលមេដឹកនាំកូរ៉េខាងជើងបានធ្វើ លើដីស្រែដែលរងគ្រោះដោយទឹកជំនន់ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីវិបត្តិស្បៀងអាហារនៅក្នុងប្រទេសឯកោមួយនេះ។ គួរបញ្ជាក់ថា កូរ៉េខាងជើងបានទទួលរងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ រួមទាំងគ្រោះទុរ្ភិក្សក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ជារឿយៗជាលទ្ធផលនៃគ្រោះមហន្តរាយធម្មជាតិ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង