តុលាការសម្រេចឱ្យឃុំខ្លួនបុរសបើកម៉ូតូកង់បីដែលជិះបញ្ច្រាស់ និងទាញដែកទីបបម្រុងវាយពលរដ្ឋតាមដងផ្លូវដាក់ពន្ធនាគារបណ្តោះអាសន្ន

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញលោក ធាម ច័ន្ទពិសិដ្ឋ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ បានចេញដីកាបបង្គាប់ឱ្យខ្លួនបុរសបើកម៉ូតូកង់បីដែលជិះបញ្ច្រាស់ និងទាញដែកទីបបម្រុងវាយ ពលរដ្ឋតាមដងផ្លូវដាក់ពន្ធនាគារបណ្តោះអាសន្ន។  តាមរយៈដីកាបង្គាប់ឱ្យឃុំខ្លួន ជនត្រូវចោទឈ្មោះ កែ ឃីម ហៅ វ័នឌី អាយុ៤៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ»។  សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បុរសអ្នកបើកកង់បីរូបនេះ បានជិះបញ្ច្រាស់ទិស ហើយថែមទាំងទាញដែកទីបបម្រុងវាយអ្នកបើកបររថយន្ដទៀតផងដែរ។  ក្រោយកើតហេតុ ដោយទទួលបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងចម្រុះបានសហការគ្នាជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្រាវជ្រាវរហូតឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការតែម្តង៕ ​  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង