តើនរណាខ្លះ ពាក់ព័ន្ធនឹងផែនការរំដោះអ្នកទោស​គ្រឿងញៀនឱ្យរត់គេចខ្លួន​ដោយសុវត្ថិភាព?

លោក ម៉ក់ ជីតូ អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន បានលើកឡើង​នៅក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី ១៩ សីហា ថា កងកម្លាំងនគរបាលជាតិ កំពុងសហការជាមួយបណ្តា​ប្រទេសជិតខាង និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីតាមចាប់ខ្លួនមេគ្រឿង​ញៀនដែលក្រុមឧក្រិដ្ឋជនរំដោះនៅទីតាំងពេទ្យធ្មេញមួយកន្លែងនៅខេត្តសៀមរាប ត្រឡប់មកវិញ ក្នុងរយៈពេល​ដ៏ខ្លីខាងមុខនេះ។   ទន្ទឹមនឹងការរំដោះទណ្ឌិត គេចខ្លួនដោយសុវត្ថិភាពនេះ មហាជនមានការសង្ស័យថា អាចមានការពាក់ព័ន្ធនឹង​មន្ត្រីពន្ធនាគារ ទើបឧក្រិដ្ឋជនអាចរំដោះទណ្ឌិតនេះបាន។ ឆ្លើយតបនឹងការសង្ស័យនេះ លោក ម៉ក់ ជីតូ បានលើក​ឡើងថា នគរបាលជាតិ នឹងបើកការស្រាវជ្រាវ ដើម្បីឱ្យអស់មន្ទិលជុំវិញបញ្ហានេះ។  ទោះយ៉ាងណា នៅក្នុងប្រតិបត្តិការរបស់នគរបាលជាតិ ក្រោមការបញ្ជាដោយលោក នេត សាវឿន អគ្គស្នងការដ្ឋាន​នគរបាលជាតិ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យបានចំនួន៧នាក់ ក្នុងនោះ ​មាន​ជនជាតិ​ខ្មែរ​អាមេរិក ៦ នាក់ និង​ជនជាតិ​ចិន​កាន់​ប៉ាស្ព័រ​អាមេរិក ០១ នាក់។  ដោយឡែកមុខសញ្ញាដែលសមត្ថកិច្ចកំណត់បានយ៉ាងច្បាស់ និងកំពុងតាមចាប់ខ្លួន រួមមាន មេខ្លោងឈ្មោះ Chen yueh sheng ហៅ ជេ, ទណ្ឌិតត្រូវបានរំដោះឈ្មោះ Chen hsin han, និងអ្នករៀបចំផែនការអាវុធ និងសម្ភារៈ​ឈ្មោះ ស៊ីម សឿន ជាជនជាតិខ្មែរ។ នេះបើតាមរយបាយការណ៍រ​បស់សមត្ថកិច្ច។   នៅក្នុងរបាយការណ៍នេះ ក៏បានបង្ហាញអត្តសញ្ញាណក្រុមជនជាតិអេស្ប៉ាញ មានតួនាទីជាអ្នកឃ្លាំមើលជនសង្ស័យ និងសង្កេតហេតុការណ៍ ជុំវិញទីតាំងគ្លីនិចធ្មេញ មានគ្នាចំនួន ៦នាក់ ក្នុងនោះស្រី ២នាក់ផងដែរ។ ចំណែកអ្នកទទួល​ទណ្ឌិតចេញពីគ្លីនិចធ្មេញនាំចូលឡាន ទៅជាមួយឈ្មោះ ស៊ីម សឿន សមត្ថកិច្ចកំពុងស្រាវជ្រាវអត្តសញ្ញាណ។  បើតាមលោក ម៉ក់ ជីតូ កងកម្លាំងនគរបាល នឹងតាមចាប់ទណ្ឌិតនេះឱ្យបាន ក្នុងរយៈពេលដ៏ខ្លី ដើម្បីយកមកផ្តន្ទា​ទោសឱ្យបានធ្ងន់ធ្ងរ។  សូមរម្លឹកថា ហេតុការណ៍​នៃ​ការ​រំដោះ​អ្នកទោស​​ជនជាតិចិន ក្នុងអំឡុងពេល​យក​មក​ព្យាបាល​នៅ​គ្លិនិក​ធ្មេញ​មួយ​កន្លែង​ នៅខេត្តសៀមរាប កើតឡើងកាលពី​ថ្ងៃ ១៧ សីហា ២០២៣ ក្រុម​ឧក្រិដ្ឋជន​បាន​រៀបចំ​ផែនការ​យ៉ាង​ហ្មត់​ចត់ ដោយ​មាន​ត្រៀម​សម្ភារៈ​និង​រួម​ទាំង​បំពាក់​អាវុធ​គ្រប់​ដៃ។ បើតាមលោក ម៉ក់ ជីតូ ​ការ​រៀបចំ​រំដោះអ្នក​ទោស​ចិននេះ ក្រុម​ឧក្រដិដ្ឋ​ជន​បាន​ធ្វើ​សកម្មភាព​ផ្ទាល់​មាន​គ្នា​​ចំនួន​ ៤ នាក់ និង​មាន​បក្ខពួក​ខាងក្រៅ​ជួយ​រៀបចំ​សកម្មភាព​។  ឧក្រិដ្ឋជន​ជា​មេ​ខ្លោង ​ត្រូវបាន​តុលាការ​កាត់​ទោស​ឱ្យជាប់​ពន្ធនាគារ ៥២ ឆ្នាំ ដោយជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿង​ញៀន៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង