ក្រសួងកសិកម្ម ជូនដំណឹងស្ដីពីការត្រៀមលក្ខណៈសង្រ្គោះសត្វ និងចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វនៅរដូវវស្សា

ភ្នំពេញ៖ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ សូមប្រកាសជូនដំណឹងដល់កសិករចិញ្ចឹមសត្វឱ្យបានជ្រាបថា រដូវវស្សាចូលមកដល់ ទឹកជំនន់អាចកើតមានជាយថាហេតុនៅតំបន់មួយចំនួន ជាពិសេសតំបន់ជាប់មាត់ទន្ល បឹង ស្ទឹង ព្រែកជាដើម ដែលជាកត្តាបណ្តាលឱ្យជំងឺឆ្លងសត្វអាចផ្ទុះឡើងផងដែរ ដូចនេះកសិករចិញ្ចឹមសត្វត្រូវត្រៀម លក្ខណៈសង្គ្រោះសត្វ និងចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វផ្សេងៗ ដូចជាទីទួលសុវត្ថិភាពមិនលិចទឹក ដែលនៅជិតបំផុត ត្រៀមចំណី-ទឹកឱ្យបានគ្រប់គ្រាន់និងមានអនាម័យល្អ ត្រៀមធ្វើសម្រាប់ដាក់សត្វ និងមធ្យោបាយ សម្រាប់សង្គ្រោះសត្វ ត្រូវតាមដានសុខភាពសត្វ និងក្នុងករណីមានសត្វឈឺត្រូវបំបែកចេញពីសត្វជា និងរាយការណ៍ ជាបន្ទាន់ទៅភ្នាក់ងារសុខភាពសត្វភូមិ ឬអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬមន្ត្រីបសុពេទ្យ ដើម្បីចុះអន្តរាគមន៍ពិនិត្យ និងព្យាបាលបានទាន់ពេលវេលា។ក្នុងករណីមានជំងឺឆ្លងរាលដាលសត្វ សូមទំនាក់ទំនងមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឬមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត តាមរយៈលេខទូរស័ព្ទដូចមានជូនភ្ជាប់៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង