មន្ត្រីប៉ូលិសជាង១០០ដេញចាប់តោ១ក្បាល បន្ទាប់ពីរត់ចេញពីកសិដ្ឋាននៅកូរ៉េខាងត្បូង តែចុងក្រោយត្រូវបានបា.ញ់.ស.ម្លា.ប់

សត្វតោមួយក្បាលត្រូវបានបាញ់សម្លាប់នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃចន្ទទី ១៤ ខែសីហា បន្ទាប់ពីវាបានរត់ចេញពីកសិដ្ឋានឯកជនមួយកន្លែង ហើយបានបង្កឱ្យមានភាពចលាចលដល់ប្រជាជនក្នុងតំបន់។ មន្ត្រីប៉ូលិសជាង១០០ នាក់ត្រូវបានដាក់ពង្រាយដើម្បីតាមប្រមាញ់សត្វតោនេះ ខណៈអ្នកបោះជំរំរាប់សិបនាក់ត្រូវបានជម្លៀសចេញពីកន្លែងបោះជំរំក្បែរនោះ។ សត្វតោដែលមានឈ្មោះថា Sasoonee ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួននៅម៉ោងប្រហែល ៧:៣០ ព្រឹក (ម៉ោងក្នុងប្រទេសកូរ៉េខាងត្បូង) នៅក្នុងស្រុក Goryeong ភាគអាគ្នេយ៍។ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់សម្តីម្ចាស់កសិដ្ឋានថា វាត្រូវបានគេជឿថាបានរត់ចេញតាមទ្វារខាងក្រោយនៃកសិដ្ឋានដែលត្រូវបានចំហចោល។ កសិដ្ឋាននោះជាប្រភេទទីតាំងផ្តល់ដំណើរកម្សាន្តទេសចរណ៍ដល់សាធារណជន ដើម្បីមើលសត្វនៅក្នុងនោះ។  សត្វនេះត្រូវបានគេបាញ់សម្លាប់បន្ទាប់ពីត្រូវបានអាជ្ញាធររកឃើញនៅក្នុងគុម្ពោតព្រៃក្បែរកសិដ្ឋានប្រហែលមួយម៉ោងក្រោយមក នេះបើតាមមន្ត្រីម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រ។ មន្ត្រី​រូប​នេះ​បាន​និយាយ​ថា ខ្លួន​មិន​មាន​ព័ត៌មាន​ថា​តើ​សត្វ​តោ​បានបង្ក​ការ​គំរាម​កំហែងដល់ជីវិតមនុស្ស ឬ​ក៏​អាជ្ញាធរ​បាន​ព្យាយាម​ប្រើបាញ់ថ្នាំសន្លប់​ដើម្បី​ចាប់​វា​ទាំង​រស់ឬអត់​នោះ​ទេ។    យ៉ុនហាប់ បានរាយការណ៍ថា អាជ្ញាធរបានចេញការជូនដំណឹងសុវត្ថិភាព ដោយណែនាំសាធារណជនឱ្យហៅទូរសព្ទទៅលេខទូរសព្ទបន្ទាន់ ប្រសិនបើពួកគេប្រទះឃើញសត្វតោ ហើយអ្នកបោះជំរំរាប់សិបនាក់នៅលើភ្នំក្បែរនោះបានភៀសខ្លួននៅក្នុងទីក្រុងមួយរយៈពេលខ្លី ខណៈដែលប៉ូលិសកំពុងស្វែងរក។ សត្វតោគឺជាសត្វចុងក្រោយបង្អស់ដែលរួចចេញពីទ្រុងនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ គួររំឭកថា សេះបង្កង់មួយក្បាលបានរត់ចេញពីសួនសត្វក្នុងរដ្ឋធានីសេអ៊ូល មុនពេលចាប់បានក្នុងខែមីនា ហើយសត្វស្វាមួយក្បាលក្នុងចំណោមសត្វស្វា២ក្បាលដែលបានរត់ចេញពីសួនសត្វក្នុងទីក្រុង Daegu ភាគអាគ្នេយ៍បានស្លាប់ បន្ទាប់ពីត្រូវបានបាញ់ថ្នាំសន្លប់កាលពីសប្តាហ៍មុន៕    សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង