បេក្ខជនប្រធានាធិបតីអេក្វាឌ័រត្រូវគេបា.ញ់.ស.ម្លា.ប់ ខណៈការបោះឆ្នោតធ្វើឡើងថ្ងៃ២០សីហា

បេក្ខជនប្រធានាធិបតីរបស់ប្រទេសអេក្វាឌ័រ លោក ហ្វើណាន់ដូ វីលឡាវីសេនស៊ីអូ (Fernando Villavicencio) ត្រូវបានគេសម្លាប់ ខណៈលោកប្រធានាធិបតីលោក ហ្កាល់លើម៉ូ ឡាស់សូ (Guillermo Lasso) កំពុងកាន់អំណាច និយាយដោយប្តេជ្ញា ថា៖«ឧក្រិដ្ឋកម្មនេះ នឹងមិនអាចអត់ឱនទោសបានឡើយ»។  ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មុននេះថា លោក វីលឡាវីសេនស៊ីអូ អតីតសមាជិកសភាដែលទទួលបានសំឡេងឆ្នោត ៧,៥ភាគរយ ត្រូវបានគេបាញ់សម្លាប់នៅក្នុងព្រឹត្តិការណ៍យុទ្ធនាការមួយក្នុងទីក្រុង ឃ្វីតូ (Quito) ។ លោក ឡាស់សូ  បាននិយាយនៅលើធ្វីតធ័រថា៖«ដើម្បីជាការចងចាំសម្រាប់លោក និងការតស៊ូរបស់លោក ខ្ញុំធានាចំពោះអ្នកថា ឧក្រិដ្ឋកម្មនេះ នឹងមិនអាចអត់ឱនទោសបានឡើយ»។លោកបានបន្ថែមថា៖«ខ្ញុំខឹងសម្បារ និងតក់ស្លុតជាខ្លាំង ចំពោះការធ្វើឃាតបេក្ខភាពប្រធានាធិបតីលោក ហ្វើណាន់ដូ វីលឡាវីសេនស៊ីអូ (Fernando Villavicencio)។ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ភរិយា កូន​ស្រី​ និងក្រុមគ្រួសាររបស់លោកផង»។ មិនត្រឹមតែប៉ុណ្ណោះ លោក​ថា គណៈរដ្ឋមន្ត្រី​សន្តិសុខ​របស់​លោក​នឹង​ជួប​ប្រជុំ​ក្នុង​ពេល​ឆាប់ៗ​នេះ។ ការ​បោះឆ្នោត​ប្រធានាធិបតី​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២០ ខែ​សីហាខាងមុខនេះ។   វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឱ្យឃើញមនុស្សកំពុងខ្ទប់មុខ និងស្រែកទ្រហឹងអឺងកង ខណៈដែលស្នូរកាំភ្លើងបានផ្ទុះឡើង។ មែនទែនទៅ ការសម្លាប់នេះកើតឡើងចំពេលដែលរលកនៃអំពើហិង្សាដ៏គួរឱ្យញញើត នៅក្នុងប្រទេសអាម៉េរិកខាងត្បូងមួយនេះ ជាមួយនឹងការជួញដូរគ្រឿងញៀន និងការសម្លាប់កើនឡើង។ គួរបញ្ជាក់ថា លោក វីលឡាវីសេនស៊ីអូ គឺជាបេក្ខភាពសម្រាប់គណបក្ស Build Ecuador Movement។ លោកគឺទទួលបានសំឡេងគាំទ្រខ្លាំងបំផុតមួយជុំវិញការប្រឆាំងអំពើពុករលួយ ជាពិសេសក្នុងអំឡុងរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីលោក រ៉ាហ្វាអេល ខូរៀ (Rafael Correa) ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៧ ដោយលោកបានដាក់ពាក្យបណ្តឹងតុលាការជាច្រើន ប្រឆាំងនឹងសមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោក ខូរៀ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង