បុរស២នាក់ ដាក់អន្ទាក់ឆបោកពលរដ្ឋជាង១០០នាក់ឱ្យទិញវត្ថុបុរាណ និងអថ័នសំរឹទ្ធ ត្រូវបានឃាត់ខ្លួន
ខេត្តសៀមរាប៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកស្វាយលើ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ លើករណីឆបោកប្រជាពលរដ្ឋសរុបចំនួន១៥៩នាក់ ឱ្យដាក់លុយទិញវត្ថុបុរាណ អថ័នសំរឹទ្ធ។ លោកវរសេនីយ៍ឯក នួន ស័ក្ដិចម្រើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ថា ក្នុងប្រតិបត្តិការចុះឃាត់ខ្លួននេះកម្លាំងនគរបាលជំនាញចាប់បាន ជនសង្ស័យចំនួន២នាក់ រួមមាន៖ ទី១.ឈ្មោះ ទេព សុវណ្ណ ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងទី២.ឈ្មោះ ចុត វេក ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលពាក់ព័ន្ធករណីឆបោកឱ្យពលរដ្ឋដាក់លុយទិញវត្ថុបុរាណ (អថ័នសំរឹទ្ធ)។ លោកបន្តថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ជនសង្ស័យទាំងពីរ បានចុះមកផ្សព្វផ្សាយក្នុងទឹកដីស្រុកស្វាយលើ ខេត្តសៀមរាប ដោយប្រាប់ពលរដ្ឋរស់នៅទីនោះថា មានក្រុមហ៊ុន វត្ថុបុរាណ ថ្មសំរិទ្ធ ត្រូវការប្រាក់រៀបអសានៈយកអថ័នសំរិទ្ធ មកលក់ហើយតម្រូវឱ្យប្រជាពលរដ្ឋដាក់ប្រាក់ចំនួន ៥០០០០រៀល និងបានប្រាក់ចំណេញមកវិញចំនួន៥០០០០ដុល្លារអាម៉េរិក។ រហូតដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យទាំងពីរចាប់ផ្តើមប្រមូលប្រាក់ពីប្រជាពលរដ្ឋ ដោយបានបែងចែកជាក្រុមៗ ក្នុងនោះមានចំនួន០២ឃុំ ស្មើនឹង០៩ភូមិ។ លោកបញ្ជាក់បន្ថែមទៀតថា បើតាមការបំភ្លឺរបស់ប្រជាពលរដ្ឋ០២នាក់ទី១. ឈ្មោះ ព្រៀន ខុន ភេទស្រី អាយុ៦៤ឆ្នាំ ទីលំនៅភូមិបិទផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប, ទី២. ឈ្មោះ យ៉ាន់ ប៉ុង ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិរលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប បានឱ្យដឹងថា ប្រជាពលរដ្ឋដែលបានចាញ់បោកមានចំនួនសរុប១៥៩នាក់។ យ៉ាងណាមិញ ក្រោយការសាកសួរជនសង្ស័យ ទាំងពីរនាក់បានសារភាពថា ពិតជាបានផ្សព្វផ្សាយ និងប្រមូលប្រាក់ពីប្រជាពលរដ្ឋក្នុងម្នាក់ បើដាក់ប្រាក់ចំនួន៥ម៉ឺនរៀល និងបានប្រាក់ចំណេញប្រាក់មកវិញចំនួន៥ម៉ឺនដុល្លារអាម៉េរិក ហើយបើដាក់២០ម៉ឺនរៀលបានមកវិញ២០ម៉ឺនដុល្លារអាម៉េរិក ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចំណាត់ការតាមនីតិវិធីច្បាប់។ ជុំវិញករណីនេះដែរ លោកស្នងការ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមប្រុងប្រយ័ត្នខ្ពស់ ជៀសវាងធ្លាក់ចូលក្នុងឧបាយកលជនបោកប្រាស់ដូចជាករណីខាងលើនេះបន្តទៀត…៕ សម្រួលដោយ ទៀង បុណ្ណរី