ដំណាំជាង៦០០ហិចតា ក្នុងស្រុកចំនួន៣នៃខេត្តត្បូងឃ្មុំ បានជន់លិចដោយទឹកទន្លេងមេគង្គ
ត្បូងឃ្មុំ ៖ បើយោងតាមរបាយការណ៍គិតត្រឹមល្ងាចថ្ងៃទី៨ ខែសីហា ផលដំណាំរបស់ប្រជាកសិករនៅក្នុងខេត្តត្បូងឃ្មុំ បានទទួលរងផលប៉ះពាល់ពីទឹកទន្លេមេគង្គប្រមាណ ៦២៥ហិចតា។ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ឱ្យដឹងថា នៅដើមខែសីហានេះ ទឹកទន្លេបានហក់ឡើងយ៉ាងគំហុកហូរចូលទីទំនាបលិចទឹក នៅភូមិសាស្ត្រមួយចំនួន រួមមាន ស្រុកក្រូចឆ្មារ, ស្រុកត្បូងឃ្មុំ និងស្រុកអូររាំងឪ បណ្ដាលឲ្យជន់លិចដំណាំប្រមាណជាង ៦០០ហិកតា ក្នុងនោះដំណាំស្រូវប្រមាណ២៤៩ ហិកតា, ដំណាំពោតសម្រាប់ផលិតចំណីសត្វ ប្រមាណ៣៣៧ហិកតា, ដំណាំឈូក ប្រមាណ៣៤ហិកតា និងបន្លែប្រមាណ៥ហិកតា ផងដែរ។ លោក ប្រធានមន្ទីរបានបន្តឲ្យដឹងទៀតថា ដោយក្នុងនោះមានស្រុកដូចជា៖ ១- ស្រុកក្រូចឆ្មារ ជន់លិចដំណាំពោតក្រហមលើផ្ទៃដី២៣៩ហិកតា (ពោតស្ថិតនៅដំណាក់កាលដាក់ទឹកដោះ) ស្ថិតក្នុងឃុំកំពង់ទ្រាស លើ៣ភូមិ ដែលមានកសិកររងគ្រោះចំនួន១៥៩គ្រួសារ បណ្ដាលឱ្យខូចខាតចំនួន៥៥ហិកតា។ ២- ស្រុកអូររាំងឪ លិចដំណាំស្រូវលើផ្ទៃដីចំនួន ១៧១ហិកតា (ស្រូវស្ថិតក្នុងដំណាក់កាលកកួរ) ស្ថិតក្នុងឃុំព្រះធាតុ និងឃុំមៀន លើ៨ភូមិ ដែលមានកសិកររងគ្រោះ១៥៥គ្រួសារ បណ្ដាលឱ្យខូចខាតដំណាំស្រូវប្រមាណ១៨ហិកតា ស្មើនឹង១៨គ្រួសារ។ ៣- ស្រុកត្បូងឃ្មុំ ជន់លិចដំណាំលើផ្ទៃដី២១៥ហិកតា នៅ២ឃុំ ក្នុងនោះផ្ទៃដីដំណាំស្រូវប្រមាណ៧៨ ហិកតា ដំណាំពោតសម្រាប់ផលិតចំណីសត្វប្រមាណ៩៨ហិចតា ដំណាំឈូកប្រមាណ៣៤ហិកតា និងបន្លែប្រមាណ៥ហិចតា។ ដំណាំសន្និដ្ឋានខូចខាតប្រមាណ៧០ហិកតា ក្នុងនោះមានស្រូវប្រមាណ១២ហិកតា ពោតសម្រាប់ផលិតចំណីសត្វប្រមាណ៥៣ ហិកតា និងបន្លែប្រមាណ៥ហិកតា។ តាមការសន្និដ្ឋានជារួម គឺផ្ទៃដីដំណាំស្រូវ និងមកដំណាំពោតក្រហម ដែលជន់លិច ហើយខូចខាតមិនអាចធ្វើការដាំដុះស្ដារឡើងវិញបាននោះទេ ពីព្រោះភូមិសាស្ត្រទាំងនោះ គឺស្ថិតក្នុងទីជម្រៅ ហើយការដាំខកពេលវេលាទៀតផង៕ សម្រួលដោយ ទៀង បុណ្ណរី