ប៉ុន្មានថ្ងៃទៀត ឡាវ នឹងបើកទំនប់ វារីអគ្គិសនីអ្នកនៅខ្សែទឹកខាងក្រោមត្រូវប្រុងប្រយ័ត្ន
ប្រតិបត្តិករវារីអគ្គិសនី Xayaburi បានព្រមានថា ខ្លួនអាចនឹងបញ្ចេញទឹកពីទំនប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ហើយសហគមន៍នៅតាមខ្សែទឹកខាងក្រោម គួរតែត្រៀមខ្លួនសម្រាប់ការកើនឡើងនៃកម្រិតទឹក។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងថាមពលនិងរ៉ែ នៃប្រទេសឡាវ។ សេចក្តីជូនដំណឹងកាលពីប៉ុន្មានថ្ងៃមុន បានឲ្យដឹងថា “ដោយសារតែភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ក្នុងប្រទេសឡាវ ដែលរងផលប៉ះពាល់ដោយព្យុះត្រូពិក Khanun និងការបង្ហូរទឹកចេញពីរោងចក្រវារីអគ្គិសនីនៅផ្នែកខាងលើផ្សេងទៀត ជាហេតុនាំឲ្យលំហូរទឹកចូលទំនប់ Xayaburi មានការកើនឡើង”។ ប្រតិបត្តិករ បានព្រមានសហគមន៍ទាំងនៅខ្សែទឹកខាងលើ និងខាងក្រោមទំនប់ ឲ្យត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរកម្រិតទឹកទន្លេ។ ប្រតិបត្តិករដដែលបន្ថែមថា ខ្លួនបានអនុវត្តផែនការសកម្មភាពសង្គ្រោះបន្ទាន់ យ៉ាងសមស្របរួចទៅហើយ។ រដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ បានមើលឃើញថា កម្ពស់ទឹកទន្លេមានការហក់ឡើង ៤.៣០ម៉ែត្រចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៨ខែសីហា ពោលគឺកើនឡើងប្រហែល៤០% ហើយក្នុងរយៈពេលប្រាំថ្ងៃខាងមុខ កម្ពស់ទឹកទន្លេត្រូវបានព្យាករណ៍ថា នឹងកើនឡើងចន្លោះពី ២.៣៤ម៉ែត្រ ទៅ៣.៣២ម៉ែត្រ។ដោយឡែក ចាប់ពីខេត្ត Nakhon Phanom នៃប្រទេសថៃ ដល់ទីក្រុង Pakse នៃប្រទេសឡាវ កម្រិតទឹកទន្លេបានកើនឡើងជាង ២.៥០ម៉ែត្រ ហើយនឹងកើនឡើងប្រហែល២ម៉ែត្រទៀត ក្នុងរយៈពេល៥ថ្ងៃខាងមុខ។ ជាលទ្ធផល កម្ពស់ទឹកនៅខេត្ត Nakhon Phanom បានឡើងដល់កម្រិតប្រកាសអាសន្ន ១១.៥ម៉ែត្រ នៅថ្ងៃទី១០ ខែសីហា។ រីឯនៅកម្ពុជា កម្ពស់ទឹកចាប់ពីខេត្តស្ទឹងត្រែង ដល់ខេត្តក្រចេះ បានកើនឡើងពី ០.៩២ ម៉ែត្រ ដល់ ២.៥៩ ម៉ែត្រ ក្នុងរយៈពេលដូចគ្នានេះ៕ សម្រួលដោយ ទៀង បុណ្ណរី