ប្រជាជនថៃ ងាកមកត្រូវប៉ាន់ភេសជ្ជៈរបស់លោក Pita និងចំអកដល់ទឹកសូកូឡាបក្សភឿថៃ

ភេសជ្ជៈមួយប្រភេទដែលមានឈ្មោះថា Pracha-Choc កំពុងត្រូវប៉ាន់ពីសំណាក់មហាជន​​ដល់ថ្នាក់ឈរតម្រង់ជួរសម្រុក​ទិញ​ ខណៈដែល mint-chocolate របស់​បក្សភឿថៃ ត្រូវគេច្រាន​ចោល​ដោយសារ​នយោបាយ​ខ្លាំងពេក។ តាមរយៈ​ទំព័រហ្វេសប៊ុកហាង SOL Bar & Bistro​ បានបង្កការ​ភ្ញាក់ផ្អើល​នៅល្ងាចថ្ងៃទី០៨ ខែសីហា​ ដោយបង្ហាញមីនុយពិសេសឈ្មោះថា Pracha-Choc ជាមួយនឹងការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ​នៃសូកូឡានិងទឹកដោះគោពណ៌ផ្កាឈូក។ ជាពិសេសហាង​កាហ្វេមួយនេះបានក្លាយជាបារពេលយប់​ ដែលសម​ស្រប​នឹង​អ្វី​ដែល​គណបក្សចលនា​ឆ្ពោះ​ទៅមុខ​ព្យាយាម​ជំរុញ​គោល​នយោបាយ “ស្រារីកចម្រើន”​ហើយសង្ឃឹមថា​នឹង​បង្កើន​តម្លៃ​ផលិតកម្ម បង្កើន​ប្រាក់​ចំណូល​កសិករផងដែរ។  ទោះយ៉ាងណាក៏ដោយ Pracha-Choc មិនត្រឹមតែ​ចំអក​ដល់​ភេសជ្ជៈ​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់​ពិសេសរបស់ភឿថៃ​ប៉ុណ្ណោះ​ទេ ឈ្មោះ​ខ្លួន​វាក៏​ត្រូវរ៉ូវ​ជាមួយ​ពាក្យតក់ស្លុត ដែលអាច​សំដៅ​លើការ​តក់ស្លុត​របស់​ប្រជាជន​ចំពោះ​ចលនា​នយោបាយ​ថ្មីៗ​របស់ភឿថៃ។  យ៉ាងណាមិញ​ក្រោយ​ការ​បង្ហោះ​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម ទទួលបានការ​ឆ្លើយតប​យ៉ាង​លើសលប់​ពីអ្នក​និយម​លេង​អ៊ីនធឺណិត ចំនួន​នៃ​ការ Like និង Share បាន​កើនឡើង​យ៉ាងខ្លាំង។ រហូត​ក្លាយ​ជា​ចលនា​លើអនឡាញ មនុស្សជាច្រើន​បាន​ចង្អុលបង្ហាញ​ថាវាជា​គំនិតមួយ​អស្ចារ្យ​បំផុត​ក្នុងការ​បំភ្លេច​ភេសជ្ជៈ​របស់កូនស្រីលោកថាក់ស៊ីន។  ដោយឡែក​ឃ្លិប​វីដេអូ TikTok របស់អ្នកប្រើប្រាស់​ឈ្មោះ sandrakpong បានសាយភាយត្រឹមពេលមួយយប់ ដែលក្នុងនោះគាត់បានភ្លក់ភេសជ្ជៈ Pracha-Choc របស់បក្សចលនាឆ្ពោះទៅមុខ។ គាត់និយាយលេងសើចថា វាគឺជាការលាយឡំគ្នារវាងគណបក្សភឿថៃ, បក្ស Palang Pracharath, បក្ស Seri Ruam Thai និងគណបក្ស Bhumjaithai ។​ វីដេអូនោះបានទាក់ទាញអ្នកចូលមើលជាង ១.៥ លានដង ជាមួយនឹងការចូលចិត្ត ១៦៧,០០០ និងជាង ១១,០០០ share រហូតមកដល់ពេលនេះ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង