មនុស្ស៣៣នាក់ស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មាន នៅប៉េកាំងប្រទេសចិន

មនុស្សចំនួន៣៣នាក់ត្រូវបានបញ្ជាក់ថាស្លាប់ ខណៈ១៨នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ធ្ងន់ធ្ងរបំផុត មិនធ្លាប់មានពីមុនមកសោះនៅក្នុងទីក្រុងប៉េកាំង។  រដ្ឋធានីរបស់ប្រទេសចិន បានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងនារយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ហើយជន់លិចជាយក្រុងនិងតំបន់ជុំវិញនោះ។  យោងតាមការឲ្យដឹងពីក្រុមមន្ត្រីនៅថ្ងៃពុធទី៩ខែសីហា, មនុស្សចំនួន៣៣នាក់បានស្លាប់ ដោយសារអាកាសធាតុអាក្រក់ក្នុងទីក្រុងប៉េកាំង ដែលភាគច្រើនដោយសារទឹកជំនន់ និងការបាក់រលំអគារ។ ដោយឡែក កាលពីខែមុន មនុស្សរាប់សិបនាក់ ​បាន​ស្លាប់​ក្នុង​គ្រោះ​ទឹក​ជំនន់​នៅ​ទូទាំង​ភាគ​ខាង​ជើង​ប្រទេស​ចិន ខណៈនៅទី​ក្រុង​ប៉េកាំង​ ការ​ស្លាប់​ឬ​បាត់​ខ្លួនមនុស្ស​ចំនួន១៤៧នាក់​ត្រូវបានរាយការណ៍ថា ​បណ្តាល​មក​ពី​គ្រោះ​ធម្មជាតិ។  គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន មនុស្សរាប់លាននាក់បានរងគ្រោះដោយព្រឹត្តិការណ៍អាកាសធាតុកាចសាហាវ និងរលកកម្តៅអូសបន្លាយជុំវិញពិភពលោកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលអ្នកវិទ្យាសាស្ត្រនិយាយថា ព្រឹត្តិការណ៍បែបនេះ កាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារបម្រែបម្រួលអាកាសធាតុ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង