៧ខែឆ្នាំ២០២៣កម្ពុជារកចំណូលបានជាង២៦០០លានដុល្លារពីការនាំចេញកសិផល
រាជធានីភ្នំពេញ៖ ក្នុងរយៈពេល៧ខែឆ្នាំ២០២៣កម្ពុជារកចំណូលពីការនាំចេញកសិផលទៅក្រៅប្រទេសបានចំនួនជាង ២៦០០ លានដុល្លារអាម៉េរិក។ ចំនួននេះមានការថយចុះបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ តាមរបាយការណ៍ដដែល ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបាន ផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង៤,៥លានតោន ក្នុងនោះអង្ករចំនួនជាង ៣៦២ ៧០៨តោន ស្រូវចំនួនជាង ១,៥លានតោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួនជាង ២,៦៤លានតោន ទៅកាន់ប្រទេសគោលដៅចំនួន៦៨។ ចំនួននេះមានការថយចុះ ១៩,២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ តាមការប៉ាន់ស្មាន តម្លៃគិតជាទឹកប្រាក់ដែលទទួលបានពីការនាំចេញកសិផល ក្នុងនោះមានតម្លៃពីការនាំចេញអង្ករបានចំនួនជាង៣១៣លានដុល្លារអាម៉េរិក តម្លៃពីការនាំចេញស្រូវចំនួនជាង៥០៤លានដុល្លារអាម៉េរិក និងតម្លៃការនាំចេញកសិផលក្រៅពីស្រូវ-អង្ករចំនួនជាង ១,៨១ពាន់លានដុល្លារអាម៉េរិកផងដែរ។ របាយការណ៍គូសបញ្ជាក់ដែរថា ថ្វីដ្បិតតែការនាំចេញកសិផលទៅទីផ្សារក្រៅប្រទេសមាននិន្នាការថយចុះបន្តិចមែន ប៉ុន្តែបើធៀបទៅនឹងត្រីមាសទី១ឆ្នាំ២០២៣ គឺមានកំណើន៣,៣២ភាគរយ ដែលនេះជាសញ្ញាណវិជ្ជមានមួយឈានទៅរកការកើនឡើងនៅពេលពេញមួយឆ្នាំ២០២៣។ សូមជម្រាបថា ការកើនឡើងនាពេលនេះក៏ដោយសារតែ បច្ចុប្បន្នប្រទេសឥណ្ឌាបានប្រកាសបិទការនាំចេញអង្ករ ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសរបស់ខ្លួន ជាហេតុធ្វើឱ្យតម្លៃអង្ករលើទីផ្សារអន្តរជាតិបាន និងកំពុងហក់ឡើង។ កម្ពុជាកំពុងសិក្សាអំពីយុទ្ធសាស្ត្រដែលអាចទាញយកផលប្រយោជន៍ខាងសេដ្ឋកិច្ចពីព្រឹត្តិការណ៍នេះ តាមរយៈការបង្កើនសមត្ថភាពឱ្យរោងម៉ាស៊ីនក្នុងស្រុកប្រមូលទិញស្តុកទុក បង្កើនការកែច្នៃ និងនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ៕ សម្រួលដោយ ទៀង បុណ្ណរី