ប្រទេសជាប់ព្រៃអាម៉ាហ្សូនទាំង៨បរាជ័យក្នុងការយល់ព្រមលើគោលដៅរួម បញ្ចប់ការកាប់បំផ្លាញព្រៃឈើ
ប្រទេសចំនួន៨នៅអាម៉េរិកខាងត្បូង បានយល់ព្រមចាប់ផ្តើមសម្ព័ន្ធភាពដើម្បីការពារព្រៃអាម៉ាហ្សូន ដោយសន្យានៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងប្រទេសប្រេស៊ីលកាលពីថ្ងៃទី៨ខែសីហា ដើម្បីបញ្ឈប់ព្រៃទឹកភ្លៀងដ៏ធំបំផុតរបស់ពិភពលោកពីការឈានដល់ចំណុចអាក្រក់មិនអាចត្រឡប់ក្រោយបាន ប៉ុន្តែក្រុមប្រទេសទាំង៨បានបរាជ័យក្នុងការយល់ព្រមលើគោលដៅរួមសម្រាប់ការបញ្ចប់ការកាប់បំផ្លាញព្រៃឈើ។ មេដឹកនាំមកពីបណ្តាប្រទេសនៅអាម៉េរិកខាងត្បូងបានជំរុញឱ្យប្រទេសអភិវឌ្ឍន៍ធ្វើការបន្ថែមទៀត ដើម្បីបញ្ឈប់ការបំផ្លិចបំផ្លាញដ៏ធំសម្បើមនៃព្រៃរងទឹកភ្លៀងដ៏ធំបំផុតរបស់ពិភពលោក។ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានជំរុញឱ្យតំបន់នេះរួបរួមគ្នាគាំទ្រគោលនយោបាយរួមនៃការបញ្ចប់ការកាប់បំផ្លាញព្រៃឈើនៅត្រឹមឆ្នាំ ២០៣០។ ផ្ទុយទៅវិញ សេចក្តីថ្លែងការណ៍រួមដែលបានចេញកាលពីថ្ងៃអង្គារនៅទីក្រុងបេឡឹមរបស់ប្រទេសប្រេស៊ីល បានបង្កើតសម្ព័ន្ធភាពមួយសម្រាប់ការប្រយុទ្ធប្រឆាំងនឹងការបំផ្លាញព្រៃឈើ ដើម្បីបន្តគោលដៅនៃការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ដោយមិនមែនជាការបញ្ចប់ការបំផ្លាញទាំងស្រុងនោះទេ។ ការបរាជ័យនៃប្រទេសជាប់ព្រៃអាម៉ាហ្សូនទាំង៨ ក្នុងការយល់ព្រមលើកតិកាសញ្ញាដើម្បីការពារព្រៃឈើនឹងផ្តល់ផលអវិជ្ជមានជាសាកលកាន់តែធំក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ លោក Lula និងមេដឹកនាំជាតិផ្សេងទៀតបានចាកចេញពីកិច្ចប្រជុំកាលពីថ្ងៃអង្គារដោយមិនបានធ្វើអត្ថាធិប្បាយលើសេចក្តីប្រកាសនោះទេ។ ប្រធានាធិបតីមកពីប្រទេសបូលីវី ប្រេស៊ីល កូឡុំប៊ី និងប៉េរូ បានចូលរួមក្នុងកិច្ចប្រជុំនេះ ខណៈដែលអេក្វាឌ័រ ហ្គីយ៉ាណា ស៊ូរីណាម និងវេណេហ្ស៊ុយអេឡា បានត្រឹមបញ្ជូនមន្ត្រីកំពូលតំណាងមកប៉ុណ្ណោះ។ បូលីវី និងវេណេហ្ស៊ុយអេឡា គឺជាប្រទេសជាប់ព្រៃអាម៉ាហ្សូនតែ២គត់ដែលមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ ២០២១ ក្នុងចំណោមប្រទេសជាង ១០០ ដើម្បីធ្វើការឆ្ពោះទៅរកការបញ្ឈប់ការកាប់បំផ្លាញព្រៃឈើនៅឆ្នាំ ២០៣០។ កិច្ចប្រជុំកំពូលនៅសប្តាហ៍នេះ បានប្រមូលផ្តុំអង្គការសន្ធិសញ្ញាសហប្រតិបត្តិការអាម៉ាហ្សូន (ACTO) ជាលើកដំបូងក្នុងរយៈពេល១៤ឆ្នាំជាមួយនឹងផែនការដើម្បីឈានដល់កិច្ចព្រមព្រៀងទូលំទូលាយមួយដើម្បីប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ និងការផ្ដល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ប៉ុន្តែភាពតានតឹងបានកើតឡើងនៅពេលកិច្ចប្រជុំកំពូលឈានដល់ការពិភាក្សាលើការកាប់បំផ្លាញព្រៃឈើ និងការអភិវឌ្ឍលើវិស័យប្រេង។ ក្រៅតែពីបរាជ័យលើកិច្ចព្រមព្រៀងបញ្ចប់ការកាប់បំផ្លាញព្រៃឈើ កិច្ចប្រជុំកំពូលក៏មិនបានកំណត់កាលបរិច្ឆេទនៃការបញ្ចប់ការជីកយករ៉ែមាសខុសច្បាប់ដែរ បើទោះបីជាមេដឹកនាំបានយល់ព្រមសហការលើបញ្ហានេះ និងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបរិស្ថានឆ្លងព្រំដែនឱ្យកាន់តែប្រសើរឡើងក៏ដោយ។ សេចក្តីថ្លែងការណ៍រួមចុងក្រោយ បានអះអាងយ៉ាងមុតមាំនូវសិទ្ធិ និងការការពារជនជាតិដើមភាគតិច ខណៈពេលដែលក៏យល់ព្រមសហការលើការគ្រប់គ្រងទឹក សុខភាព ជំហរចរចារួមគ្នានៅឯកិច្ចប្រជុំកំពូលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។ សេចក្តីប្រកាសនេះក៏បានបង្កើតស្ថាប័នវិទ្យាសាស្រ្តមួយដើម្បីជួបប្រជុំជារៀងរាល់ឆ្នាំ និងផលិតរបាយការណ៍ដែលមានការអនុញ្ញាតអំពីវិទ្យាសាស្រ្តទាក់ទងនឹងព្រៃអាម៉ាហ្សូន ដែលស្រដៀងនឹងក្រុមប្រឹក្សាអន្តរជាតិស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ៕ សម្រួលដោយ ទៀង បុណ្ណរី