មន្ត្រីជំនាញចុះពិនិត្យទីតាំងដែលក្របីងាប់ជិត២០ក្បាល ពេលនេះដឹងមូលហេតុហើយ
កំពង់ចាម ៖ កាលព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ លោក ហាន កុសល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងកើតហេតុ ពីករណីក្របីផ្អើលជាន់គ្នាលង់ទឹកងាប់២០ក្បាល កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។ តាមព័ត៌មានពីប្រជាពលរដ្ឋជាម្ចាស់ក្របី និងអ្នកស្រង់ក្របីបានឲ្យដឹងថា ប្រជាពលរដ្ឋបានប្រលែងក្របីចូលគ្នាជាហ្វូងប្រហែលចំនួន៣៤៨ក្បាលឱ្យស៊ីស្មៅនៅចុងព្រែក ក្នុងស្រុកកងមាស ប៉ុន្តែដោយសារប៉ុន្មានថ្ងៃនេះ ទឹកទន្លេចាប់ផ្តើមឡើងលឿន ធ្វើឲ្យទឹកហូរចូលព្រែក និងវាលស្រែនៅទីនោះ ជាហេតុធ្វើឲ្យម្ចាស់ក្របីនាំគ្នាទៅកៀងក្របីមកផ្ទះវិញដោយឆ្លងទឹកព្រែកអន្ទង់អាំង មកទីទួលនៅភូមិចាំនាង និងភូមិផ្តៅជុំកើត ឃុំផ្តៅ ស្រុកជើងព្រៃ ដែលមានព្រំប្រទល់ជាប់ជាមួយស្រុកកងមាស។ ចំពោះមូលហេតុនៃការងាប់ក្របីវិញ បើយោងតាមម្ចាស់ក្របីដែលចុះទៅស្រង់ក្របីងាប់នៅកន្លែងកើតហេតុអាចសន្និដ្ឋានបានថា ក្របីងាប់ គឺដោយសារ ការផ្អើលចុះទឹកប្រសេចប្រសាច និងគ្មានការមើលខុសត្រូវរបស់ម្ចាស់ក្របី ធ្វើឲ្យក្របីរត់ចុះទឹកជាន់គ្នាជាបន្តបន្ទាប់។ ក្របីភាគច្រើនដែលងាប់ ជាប់ជើងនឹងវល្លិ៍ ហើយឈ្លក់ទឹក មកដល់ពេលនេះមានក្របីងាប់ចំនួន ២០ក្បាលហើយ ក្នុងនោះ៤ក្បាលជារបស់ប្រជាពលរដ្ឋរស់នៅភូមិចាំនាង និង១៥ក្បាលទៀតជារបស់ប្រជាពលរដ្ឋរស់នៅភូមិផ្តៅជុំកើត និង១ក្បាលជារបស់ប្រជាពលរដ្ឋនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ តាមការសន្និដ្ឋានថា របស់មន្ត្រីជំនាញ គឺទឹកទន្លេមិនមែនជាមូលហេតុនៃការពុលទេ ព្រោះសត្វពាហនៈផ្សេងទៀត មិនរងផលប៉ះពាល់ឡើយ និងតាមការបញ្ជាក់ពីមន្ត្រីជំនាញពេទ្យសត្វក៏គ្មានជំងឺអ្វីកើតឡើងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី