ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំរាជរដ្ឋាភិបាលអាណត្តិទី៧

រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីថ្មី នៃអាណត្តិទី៧។  ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនាព្រឹកថ្ងៃទី៧សីហានេះ បានបញ្ជាក់ថា៖ «នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការចាត់តាំងខាងលើមានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំសេចក្ដីអនុម័តទុកចិត្តពីរដ្ឋសភា។ ព្រះរាជក្រឹត្យនេះចូលជាធរមានចាប់ពីថ្ងៃឡាយព្រះហស្ដលេខាតទៅ»។  នៅក្នុងវីដេអូឡាយផ្ទាល់នៃសេចក្តីថ្លែងការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងទៅបានបញ្ជាក់យ៉ាងច្បាស់ៗថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោយពីអង្គព្រះមហក្សត្រត្រាស់បង្គាប់តែងតាំងនាយករដ្ឋមន្ត្រីថ្មីនេះ។ បន្ថែមលើនេះ សម្តេចតេជោ បានគូសបញ្ជាក់ពីមូលហេតុដែលសម្តេចប្រញាប់ប្រញាល់លាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុន សម្រាប់ការរក្សាបាននូវស្ថិរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិឱ្យមាននិរន្តភាព។    គួររំលឹកផងដែរថា កត្តាធំៗចំនួន៤ដែលត្រូវឱ្យឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្លាយទៅជានាយករដ្ឋមន្រ្តី រួមមាន៖ ទី-មានការឯកភាពផ្ទៃក្នុងពីគណបក្ស, ទី-ជាប់តំណាងរាស្ត្រ, ទី៣-ត្រូវតែងតាំងពីព្រះមហាក្សត្រ និងទី៤ ត្រូវឆ្លងកាត់ពីសភាជាតិ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង