កាន់តែបារម្ភ..! ពលរដ្ឋនៅបាត់ដំបង កំពុងភ័យព្រួយនឹងទឹកស្អាតប្រែពណ៌លឿង ខណៈទឹកស្ទឹងសង្កែប្រែពណ៌ទៅជាខ្មៅ

ខេត្តបាត់ដំបង៖ នៅប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង បាននាំគ្នាព្រួយបារម្ភពីទឹកស្ទឹងសង្កែប្រែពណ៌ទៅខ្មៅ ឯហ្វូងមច្ឆានៅក្នុងទឹកស្ទឹងក៏ងាប់ជាបន្តបន្ទាប់ផងដែរ។ ថ្មីៗនេះ ប្រព័ន្ធទឹកស្អាតដែលផ្តល់ដោយអង្គភាពរដ្ឋាករទឹកបាត់ដំបង ក៏បានប្រែពណ៌ទៅជាលឿង ធ្វើឱ្យអ្នកប្រើប្រាស់ទូទាំងខេត្តភ័យខ្លាចក្នុងការប្រើប្រាស់ទឹកដែលនាំឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណ…។  ប្រជាពលរដ្ឋរស់នៅក្រុងបាត់ដំបង ស្រុករតនមណ្ឌល និងបណ្តាស្រុកមួយចំនួនដែលជាប់នឹងដងស្ទឹងសង្កែបានថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣នេះថា ស្ថានភាពទឹកក្នុងទឹកស្ទឹងសង្កែបានបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់ទឹកស្ទឹងនេះជាខ្លាំងនៅពេលបច្ចុប្បន្ន ព្រោះមានការសង្ស័យថា ក្រុមហ៊ុនចិនមួយកន្លែងក្នុងស្រុករតនមណ្ឌល ឈ្មោះ«ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្ទ្រៀល Phoenix Industrial» ដែលផលិតសារធាតុរក្សាពណ៌ និងផលិតផលផ្សេងៗ បានលេចធ្លាយកាកសំណល់ហូរចូលក្នុងទឹកស្ទឹងបង្កឱ្យហ្វូងមច្ឆាដែលរស់នៅក្នុងស្ទឹងងាប់អស់មួយចំនួនធំ។ បន្ថែមលើនេះ ទឹកស្អាតដែលអង្គភាពរដ្ឋាករទឹកបាត់ដំបង ចែកចាយទៅតាមផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តបាត់ដំបង ក៏ប្រែពណ៌ទៅជាលឿងដោយមិនដឹងមូលហេតុ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចចំពោះការប្រើប្រាស់ទឹកនោះ ហើយក៏មានផលលំបាកខ្លាំងដែរ ដែលទឹកស្អាតប្រើក្នុងភាពពិបាក ហើយទឹកស្ទឹងស្ថិតក្នុងភាពភ័យខ្លាចនោះ។  ដោយឡែក អង្គភាពរដ្ឋាករទឹកបាត់ដំបង បានជូនដំណឹងមួយដល់អតិថិជន ដែលបាននិងកំពុងប្រើប្រាស់ទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹកបាត់ដំបង ថា បន្ទាប់ពីទទួលបានព័ត៌មានតាមបណ្តាញសង្គមចែករំលែកតៗគ្នា គិតត្រឹមថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ អំពីទឹកស្អាតមានសភាពប្រែពណ៌ អង្គភាពរដ្ឋាករទឹកបាត់ដំបង បានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៃប្រភពទឹក ធ្វើផលិតកម្មនៅស្ទឹងសង្កែ ជាលទ្ធផលបានពិនិត្យឃើញថា ទឹកស្ទឹងសង្កែពិតជាបានទទួលរងនូវការបំពុលពិតប្រាកដមែន។ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការបំពុលប្រភពទឹកខាងលើ។ អង្គភាពរដ្ឋាករទឹកបាត់ដំបង បានចាត់តាំងក្រុមអ្នកបច្ចេកទេសផ្នែកត្រួតពិនិត្យគុណភាពទឹក នៅតាមបន្ទប់ពិសោធន៍ឱ្យនៅប្រចាំការតាមដានត្រួតពិនិត្យគុណភាពទឹកជាប្រចាំ។ ស្ថានភាពគុណភាពទឹកមានការប្រែពណ៌ប្លែកខុសពីធម្មតា ប៉ុន្តែចំពោះគុណភាពទឹកស្អាតវិញ នៅតែរក្សាបានគុណភាពល្អ អនុលោមតាមស្ដង់ដារគុណភាពទឹកស្អាតរបស់អង្គភាពនៅឡើយ។ ដូច្នេះសូមអតិថិជនទាំងអស់ជ្រាបជាព័ត៌មាន និងសូមកុំមានការបារម្ភ បើមានការប្រែប្រួលគុណភាពទឹកយ៉ាងណា អង្គភាពរដ្ឋាករទឹកបាត់ដំបង នឹងធ្វើការជូនដំណឹងនៅពេលក្រោយ។  ទោះយ៉ាងណា ប្រជាពលរដ្ឋក្រុងខេត្តបាត់ដំបង នៅតែបារម្ភពីសុវត្ថិភាពសុខភាពសាធារណៈរបស់ពលរដ្ឋ ខណៈដែលទឹកស្អាតនៅមិនទាន់ប្រែពណ៌មកជាធម្មតាវិញទេនោះ ទោះបីមានការបញ្ជាក់ពីអង្គភាពរដ្ឋាករទឹកបាត់ដំបងក៏ដោយ ក៏ពួកគាត់នៅខ្លាចរអាលើការប្រើប្រាស់ទឹកស្អាតនោះដដែល។ ចំណែក ឯទឹកស្ទឹងសង្កែក៏នៅមិនទាន់មានសុវត្ថិភាពល្អមួយរយភាគរយដែរ ដ្បិតថា មានអាជ្ញាធរខេត្ត-ស្រុកចុះទៅពិនិត្យរោងចក្រចិនខាងលើ និងទឹកស្ទឹងប្តូរពណ៌ពីខ្មៅមកធម្មតាវិញបណ្តើរៗនោះ ក៏សារធាតុគីមីដែលបានហូរចូលទៅក្នុងទឹកស្ទឹងមិនទាន់បានបន្សាបអស់ ឯត្រីក៏នៅបន្តងាប់នៅឡើយ។ បន្ថែមលើនេះ ប្រជាពលរដ្ឋនៅស្រុករតនមណ្ឌល បានសំណូមពរដល់អាជ្ញាធរខេត្ត-ស្រុក ត្រូវមានវិធានការម៉ឺងម៉ាត់ចំពោះក្រុមហ៊ុនចិនខាងលើ ក្នុងការគ្រប់គ្រងកាកសំណល់ជាតិពុលឱ្យបានល្អ ចៀសវាងមានហេតុការណ៍ដដែលជាប់ជាប្រចាំ ឱ្យតែរដូវវស្សាមកដល់បែបនេះ…៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង