រុស្សីបន្តវាយប្រហារកំពង់ផែអ៊ុយក្រែនឥតសំចៃដៃ រុញតម្លៃគ្រាប់ធញ្ញជាតិពិភពលោកឱ្យកាន់តែឡើងថ្លៃ

រុស្ស៊ីបន្តប្រតិបត្តិការវាយប្រហារលើអ៊ុយក្រែនឥតសំចៃដៃ ខណៈការវាយប្រហារលើកំពង់ផែទឹកជ្រៅដ៏សំខាន់របស់អ៊ុយក្រែនឆ្លងកាត់ទន្លេដានូបេ (Danube) ពីប្រទេសរ៉ូម៉ានីកាលពីថ្ងៃពុធទី២សីហា បានធ្វើឱ្យតម្លៃស្បៀងអាហារពិភពលោកកាន់តែកើនឡើងខ្ពស់…។  វីដេអូដែលចេញផ្សាយដោយអាជ្ញាធរអ៊ុយក្រែន បង្ហាញពីក្រុមអ្នកពន្លត់អគ្គិភ័យនៅលើជណ្ដើរដែលកំពុងប្រយុទ្ធនឹងការឆាបឆេះអគារខ្ពស់ជាច្រើនជាន់នៅក្នុងអគារមួយ។ អគារធំៗជាច្រើនផ្សេងទៀតបានបាក់បែក ហើយគ្រាប់ធញ្ញជាតិបានហៀរចេញពីឧបករណ៍ផ្ទុក បង្កឱ្យខូចយ៉ាងហោចណាស់ពីរ។ ការវាយប្រហារបានបំផ្លាញអគារនានាក្នុងកំពង់ផែ និងធ្វើឱ្យនាវាជាច្រើនដែលត្រៀមធ្វើចរាចរណ៍គ្រាប់ធញ្ញជាតិអ៊ុយក្រែនត្រូវផ្អាកជាបណ្តោះអាសន្ន។ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក អូលេកសាន់ឌើ គូបូរ៉ាកូវ (Oleksandr Kubrakov) បាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី បានបំផ្លាញធញ្ញជាតិជិត៤០០០០តោន ដែលធញ្ញជាតិទាំងនឹងត្រូវបញ្ជូនទៅផ្គត់ផ្គង់បណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិក ក៏ដូចជាប្រទេសចិន និងអ៊ីស្រាអែល។ លោកប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បានរៀបរាប់នៅលើកម្មវិធីផ្ញើសារតេឡេក្រាមថា៖«ភេរវកររុស្ស៊ីបានវាយប្រហារម្ដងហើយម្ដងទៀតលើកំពង់ផែ គ្រាប់ធញ្ញជាតិ សន្តិសុខស្បៀងសកល»។ ប៉ុន្តែ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី បានរាយការណ៍ថា កំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធញ្ញជាតិដែលរងការវាយប្រហារ គឺជាលំនៅដ្ឋានទាហានស៊ីឈ្នួលបរទេស និងបន្ទាយទាហាននោះទេ។  ក្រោយកំពង់ផែអ៊ុយក្រែនរងការវាយប្រហារ កំពង់ផែឆ្លងកាត់ទន្លេពីប្រទេសរ៉ូម៉ានី ដែលជាសមាជិកណាតូ គឺជាផ្លូវជំនួសដ៏សំខាន់ចេញពីអ៊ុយក្រែនសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ ចាប់តាំងពីការបិទផ្លូវរបស់រុស្ស៊ីបានបញ្ឈប់ចរាចរណ៍នៅកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែននៅពាក់កណ្តាលខែកក្កដា។ ប្រភពឧស្សាហកម្មពីរ បានប្រាប់សារព័ត៌មានរ៉យទ័រថា ប្រតិបត្តិការនៅកំពង់ផែត្រូវបានផ្អាក។ ប្រធានអាជ្ញាធរកំពង់ផែសមុទ្រ លោក យូរី លីទ្វីន Yuriy Lytvyn បានលើកឡើងនៅលើហ្វេសប៊ុកថា ការងារជួសជុលបានចាប់ផ្តើមរួចហើយ ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅតែបន្តដំណើរការ។ តម្លៃស្រូវសាលីបានកើនឡើងជិត៥ភាគរយ បន្ទាប់ពីការវាយប្រហារ។ អ៊ុយក្រែន គឺជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិកំពូលមួយរបស់ពិភពលោក។ ប្រទេសរុស្ស៊ី បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងកំពង់ផែរបស់ប្រទេសនេះអស់រយៈពេលជាងពីរសប្តាហ៍ បន្ទាប់ពីបដិសេធមិនបន្តកិច្ចព្រមព្រៀងបើកច្រកកំពង់ផែអ៊ុយក្រែនកាលពីឆ្នាំមុន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបពិភាក្សាតាមទូរសព្ទទៅកាន់អ្នកសម្របសម្រួលកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ គឺប្រធានាធិបតីតួកគី លោក តៃយីប អេរដូហ្គែន (Tayyip Erdogan)។ វិមានក្រឹមឡាំង បានបង្ហាញថា លោក ពូទីន បានរំលឹកឡើងវិញនូវលក្ខខណ្ឌរបស់រុស្ស៊ីសម្រាប់ការចូលរួមកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិឡើងវិញថា កិច្ចព្រមព្រៀងត្រូវតែស្របតាមការចង់បានរបស់រុស្ស៊ី។ ទីក្រុងមូស្គូ បានពណ៌នាការវាយប្រហារនាពេលថ្មីៗនេះលើហេដ្ឋារចនាសម្ព័ន្ធគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនថា ជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើស្ពានឆ្លងកាត់ច្រកសមុទ្រ Kerch ទៅតំបន់គ្រីមៀ។ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ី បានដាក់ការរឹតបណ្តឹងលើចលនារបស់នាវា និងយន្តហោះនៅក្នុងច្រកសមុទ្រកាលពីថ្ងៃពុធ។ សារព័ត៌មាននេះ មិនបានផ្តល់ហេតុផលសម្រាប់ការចំណាត់នេះទេ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក លោកស្រី Bridget Brink បានថ្កោលទោសការវាយប្រហារនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបានរាយបញ្ជីគោលដៅវាយប្រហារថ្មីៗរបស់រុស្សី រួមមាន៖ ផ្ទះកំពង់ផែ ស៊ីឡូ គ្រាប់ធញ្ញជាតិ អគារប្រវត្តិសាស្ត្រ បុរស ស្ត្រី និងកុមារ។ លោកស្រីបានបន្តថា៖«រាល់ការវាយប្រហាររបស់រុស្ស៊ីកាន់តែខ្លាំងក្លាទៅលើអ៊ុយក្រែនបញ្ជាក់យ៉ាងច្បាស់ជាថ្មីម្ដងទៀតថា រុស្ស៊ីគ្មានការចង់បានសន្តិភាព គ្មានការគិតគូរពីសុវត្ថិភាពប្រជាជន និងគ្មានការយកចិត្តទុកដាក់ចំពោះមនុស្សជុំវិញពិភពលោកដែលពឹងផ្អែកលើអាហារពីអ៊ុយក្រែននោះឡើយ»។  ទីក្រុងកៀវ លើកឡើងថា គោលដៅនៃការវាយប្រហារនេះ គឺដើម្បីបង្ហាញក្រុមដឹកជញ្ជូន និងក្រុមហ៊ុនធានារ៉ាប់រងថា កំពង់ផែអ៊ុយក្រែនមិនមានសុវត្ថិភាពក្នុងការបន្តការនាំចេញឡើងវិញឡើយ។ គួរបញ្ជាក់់ថា កំពង់ផែនៅទន្លេ ដានូបេ របស់អ៊ុយក្រែនដូចជា កំពង់ផែ អ៊ីហ្សាម៉ែល (Izmail) មានចំនួនប្រហែលមួយភាគបួននៃការនាំចេញគ្រាប់ធញ្ញជាតិ មុនពេលដែលរុស្ស៊ីដកខ្លួនចេញពីកិច្ចព្រមព្រៀងសមុទ្រខ្មៅ ហើយចាប់តាំងពីពេលនោះមកបានក្លាយជាផ្លូវសំខាន់ចេញ ដោយមានគ្រាប់ធញ្ញជាតិផ្ទុកនៅលើនាវា និងដឹកជញ្ជូនទៅកាន់កំពង់ផែ Constanta នៃសមុទ្រខ្មៅរបស់ប្រទេសរូម៉ានីសម្រាប់ការដឹកជញ្ជូនបន្ត។ អង្គការសហប្រជាជាតិបានព្រមានអំពីវិបត្តិស្បៀងអាហារ ដែលអាចកើតមាននៅក្នុងប្រទេសក្រីក្របំផុតរបស់ពិភពលោក ដោយសារតែការសម្រេចចិត្តរបស់រុស្ស៊ីក្នុងការបោះបង់ចោលកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងតួកគី។ មន្ត្រីអ៊ុយក្រែនបានអះអាងថា ទីក្រុងម៉ូស្គូបានវាយលុកកំពង់ផែចំនួន២៦នាវាស៊ីវិលចំនួន៥ និងគ្រាប់ធញ្ញជាតិចំនួន១៨០០០០តោន ក្នុងរយៈពេលប្រាំបួនថ្ងៃនៃការវាយប្រហារចាប់តាំងពីការចាកចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ៕  សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង