ស្នងការខេត្តកំពត ដឹកនាំកម្លាំងសមត្ថកិច្ចចុះរុករកយុវតីបាត់ខ្លួនម្នាក់ទៀត នៅរមណីយដ្ឋានទឹកជ្រោះឱម៉ាល់ នៅព្រឹកនេះ..!
ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដឹកនាំកងកម្លាំងចុះរុករកយុវតីម្នាក់ទៀត ដែលបានបាត់ខ្លួនក្នុងឧប្បត្តិហេតុទឹកហូរធ្លាក់ពីលើភ្នំនៅរមណីយដ្ឋានទឹកជ្រោះឱម៉ាល់ បណ្តាលឱ្យយុវតី២នាក់ស្លាប់ និងយុវជនម្នាក់ត្រូវបានអាជ្ញាធរជួយសង្គ្រោះទាន់ពេល…។ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឱ្យដឹងថា បេសកកម្មរុករកយុវតីបាត់ខ្លួនក្នុងឧប្បត្តិហេតុទឹកហូរធ្លាក់ពីលើភ្នំនៅរមណីយដ្ឋានទឹកជ្រោះឱម៉ាល់ ត្រូវបានផ្អាកសកម្មភាពភ្លាមៗកាលពីយប់ថ្ងៃទី៣០កក្កដា បន្ទាប់ពីមេឃបានបង្អោរធ្លាក់ភ្លៀងខ្លាំង ជាហេតុបង្កការលំបាកដល់ក្រុមសមត្ថកិច្ចចុះរុករក ទើបលោកសម្រេចចិត្តឱ្យក្រុមការងារផ្អាកសកម្មភាពជាបណ្តោះអាសន្នសិន រង់ចាំមេឃរាំងភ្លៀងនៅព្រឹកថ្ងៃនេះ ទើបបន្តការរុករកបន្ថែមទៀត…។ លោកបន្តថា គិតត្រឹមល្ងាចថ្ងៃទី៣០កក្កដា អាជ្ញាធរបានរកឃើញសពយុវតី២នាក់ និងយុវជនម្នាក់រងរបួស ប៉ុន្តែអាជ្ញាធរបាននាំយុវជនរូបនោះទៅសង្គ្រោះនៅមន្ទីរពេទ្យហើយ។ សូមបញ្ជាក់ថា បើតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា ក្នុងចំណោមអ្នកទេសចរបោះតង់ទាំង៥៣នាក់នៅរមណីយដ្ឋានទឹកជ្រោះឱម៉ាល់ អាជ្ញាធរសមត្ថកិច្ចបានជួយសង្គ្រោះ និងជួយជម្លៀសអ្នកទេសចរជាង៥០នាក់ចេញពីទឹកជ្រោះឱម៉ាល់ទៅរកកន្លែងមានសុវត្ថិភាពហើយ។ បន្ថែមលើនេះ លោកឧត្តមសេនីយ៍ទោ ក៏បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ សូមផ្អាកការមកលេងកម្សាន្តដោយការបោះតង់លើជ្រោះឱម៉ាល់នេះជាបណ្តោះអាសន្នសិន ព្រោះពេលនេះ អាកាសធាតុមិនមានអំណោយផលទេ ដែលអាចឱ្យបងប្អូនជួបនូវគ្រោះភ័យផ្សេងៗពីធម្មជាតិ ស្របពេលដែលភូមិស្រុកមួយចំនួន ក៏កំពុងមានការជន់លិចដោយជំនន់ទឹកភ្លៀងផងដែរ…៕ សម្រួលដោយ ទៀង បុណ្ណរី