សម្តេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា៖ មន្ត្រីចាស់ទាំងអស់ក្នុងអាណត្តិចាស់ក្នុងក្រសួងស្ថាប័ន នឹងត្រូវតែងតាំងវិញនៅអាណត្តិថ្មី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលថ្មីនឹងធ្វើការរក្សាទុកនូវមុខតំណែងរាល់មន្រ្តីក្នុងគ្រប់ក្រសួងស្ថាប័នទាំងអស់ដែលបានតែងតាំងរួចមកហើយ ដូចជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សារាជរដ្ឋាភិបាលអ្វីក៏ដោយ ដោយប្រែប្រួលតែតំណែងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។  យោងតាមសារសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការលះបង់របស់សម្តេចយ៉ាងធំធេងដោយមិនបន្តធ្វើជានាយករដ្ឋមន្រ្តីទៀតនោះ គឺដើម្បីសេចក្តីសុខសេចក្តីចម្រើនរបស់ជាតិទាំងមូល ដើម្បីធានាថាប្រទេសជាតិមួយនេះ មិនធ្លាក់ទៅក្នុងភាពចលាចល អស្ថិរភាព ឬការដណ្តើមអំណាចតាមរយៈចុងអាវុធ ដូចពីកាលអតីតកាលនោះឡើយ។  សម្តេចតេជោបានបន្តថា ការចាកចេញរបស់សម្តេច ជាមួយនឹងការគាំទ្ររបស់ប្រជាពលរដ្ឋ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាមានប្រជាពលរដ្ឋគាំទ្របោះឆ្នោតជូនជាង៨២ភាគរយ ដែលជាសន្លឹកឆ្នោតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ខណៈការបោះឆ្នោតឃុំ-សង្កាត់នាឆ្នាំ២០២២កន្លងទៅមានត្រឹមជាងជាង ៧០ភាគរយ។ សម្តេចតេជោបានប្រកាសថ្លែងអំណរគុណចំពោះការគាំទ្រទាំងឡាយ ដែលបងប្អូនប្រជាពលរដ្ឋបានធ្វើចំពោះការសម្រេចចិត្តរបស់សម្តេច ដោយសម្តេចចាត់ទុកថា នេះគឺជាដំណើរការរួមរបស់ជាតិ ដែលចាំបាច់ត្រូវតែប្រគល់ឲ្យយុវជនជំនាន់ក្រោយ ដោយគេអាចនឹងធ្វើកិច្ចការរបស់គេបានប្រសើរជាង។  សម្តេចតេជោ បានបញ្ជាក់ថា មន្រ្តីមុខងារសាធារណៈនឹងមិនត្រូវប៉ះពាល់នោះឡើយ ដូចជាអគ្គនាយករដ្ឋាន អគ្គនាយករង អនុប្រធាននាយកដ្ឋាន អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុក អភិបាលខណ្ឌ និងអភិបាលរងស្រុក និងខណ្ឌ ទាហាន នគរបាល និងកងរាជអាវុធហត្ថគ្រប់ជាន់ថ្នាក់ នឹងត្រូវរក្សាមុខតំណែងរបស់ពួកគេនៅដដែល បើទោះបីជា មានការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីថ្មីក៏ដោយ។  សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មុខងារនយោបាយ ដូចជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៅតាមក្រសួងនានាគឺនៅតែបន្តធ្វើការដដែលលើកលែងតែសាមីខ្លួនចង់ឈប់ដោយខ្លួនឯង ដោយសារតែអាយុ ឬមានជំងឺ។  សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្នាក់ដឹកនាំដែលជារដ្ឋលេខាធិការផង និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផង ត្រូវសម្រេចជ្រើសរើសយកមុខតំណែងតែមួយប៉ុណ្ណោះ៕ សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង