ក្រសួងបរិស្ថានប្រកាសទទួលស្គាល់ជាផ្លូវការសហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម»

ខេត្តកោះកុង៖ ក្រោមការសម្របសម្រួលពីគម្រោង«និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» សហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងបរិស្ថានស្របតាមលក្ខន្តិក និងផែនការគ្រប់គ្រងដោយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាននាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។  សហគមន៍តំបន់ការពារធម្មជាតិដែលមានទំហំសរុប ៩៧,៣ ហិកតា ស្ថិតនៅក្នុងដែនជម្រកសត្វពាមក្រសោប ស្ថិតនៅភូមិអន្លង់វ៉ាក់ និងភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង នេះត្រូវបានក្រសួងបរិស្ថាន ទទួលស្គាល់ដោយយោងទៅតាមប្រកាសលេខ ២៩០ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣។ ក្រសួងក៏បានឱ្យដឹងដែរថា ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ «តាតៃក្រោម» នេះមានគោលបំណងបង្កើនការចូលរួមគ្រប់គ្រងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍ មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។   គួរដឹងដែរថា គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា(CSLEP) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ហើយមានបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនច្រវាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ បច្ចុប្បន្ន គម្រោងនេះកំពុងជួយគាំទ្រសហគមន៍ធម្មជាតិចំនួន ៣០ នៅក្នុងខេត្តគោលដៅទាំង៧ រួមមាន៖ ខេត្តកោះកុង,ខេត្តកំពង់ស្ពឺ,ខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់,ខេត្តបាត់ដំបង,ខេត្តកំពង់ធំ និងខេត្តសៀមរាប៕  សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង