មនុស្ស​ជាង​២០​នាក់​ស្លា.ប់ក្នុងហេតុការណ៍លិចសាឡាងនៅ​ហ្វីលីពីន​ ក្រោយរងការវាយប្រហារពីព្យុះទីហ្វុង Doksuri

ឆ្មាំសមុទ្រហ្វីលីពីនកំពុងប្រជែងនឹងពេលវេលាដើម្បីជួយសង្គ្រោះអ្នកដំណើរបន្ថែមទៀតពីសាឡាងដែលបានក្រឡាប់នៅជិតទីក្រុងម៉ានីល ដោយសារខ្យល់បក់បោកខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ទី ២៧ ខែកក្កដា ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់បាត់បង់ជីវិត។  ភ្លាមៗនោះ វាមិនច្បាស់ថាតើមានមនុស្សប៉ុន្មាននាក់នៅលើសាឡាងនោះទេ ប៉ុន្តែមន្ត្រីគ្រោះមហន្តរាយរបស់ហ្វីលីពីនបានប្រាប់វិទ្យុ DZRH ថា មនុស្ស ៤០នាក់ត្រូវបានជួយសង្គ្រោះ ហើយការស្វែងរកកំពុងបន្តសម្រាប់មនុស្ស ៦នាក់ដែលបាត់ខ្លួន។ បន្ថែមលើនោះ ឆ្នាំសមុទ្រហ្វីលីពីន បានឱ្យដឹងថា សាឡាងនេះស្ថិតនៅចម្ងាយប្រហែល៤៥ម៉ែត្រពីផ្ទៃដី នៅពេលដែលវាត្រូវបានវាយប្រហារដោយខ្យល់បក់ខ្លាំងធ្វើឱ្យអ្នកដំណើរទាំងអស់មានការភ័យស្លន់ស្លោ និងរត់ទៅទិសដៅតែម្ខាង ដែលបណ្តាលឱ្យសាឡាងនេះក្រឡាប់ចូលទៅក្នុងទឹក។  ប្រទេសហ្វីលីពីន ដែលជាប្រទេសប្រជុំដោយកោះជាង ៧៦០០ នៅសប្តាហ៍នេះត្រូវបានវាយប្រហារដោយព្យុះទីហ្វុង Doksuri ដែលបាននាំខ្យល់បក់រហូតដល់១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង។ សាឡាង និង​ទូក​មួយចំនួន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើ​ដំណើរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពីព្យុះ Doksuri បាន​ចាក​ចេញពី​ហ្វីលីពីន​។ ប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះមានកំណត់ត្រាមិនល្អសម្រាប់សុវត្ថិភាពដែនទឹក ដោយពេលខ្លះមានកប៉ាល់ច្រើនកកកុញ ហើយកប៉ាល់ចាស់ៗជាច្រើននៅតែត្រូវដាក់ឱ្យប្រើប្រាស់។  ទន្ទឹមគ្នានោះ ព្យុះពិឃាតនេះក៏បានបោកបក់ទៅលើកោះតៃវ៉ាន់ ដោយបង្ខំអាជ្ញាធរចេញបញ្ជាឱ្យបិទទា្វរអាជីវកម្មក្នុងថ្ងៃទី២ និងព្រមានពីកម្លាំងខ្យល់បក់បោកខ្លាំង ខណៈដែលវាបន្តបាកបក់ទៅកាន់ភាគអាគ្នេយ៍នៃប្រទេសចិននៅថ្ងៃសុក្រទី ២៨ ខែកក្កដា។  ព្យុះនេះបានផ្តាច់ចរន្តអគ្គិសនីពីផ្ទះជាង ១៨៦០០០ខ្នងនៅទូទាំងកោះតៃវ៉ាន់ និងបានបំផ្លាញដើមឈើរាប់រយដើមនៅទីក្រុង Kaohsiung។ ភ្លៀងធ្លាក់លើសពី១ម៉ែត្រត្រូវបានកត់ត្រានៅតំបន់ភ្នំភាគខាងកើត និងភាគខាងត្បូងនៃកោះ ចំណែកជើងហោះហើរក្នុងស្រុក និងអន្តរជាតិជាង ៣០០ ត្រូវបានផ្អាក ហើយសេវាកម្មផ្លូវដែករវាងភាគខាងត្បូង និងភាគខាងកើតតៃវ៉ាន់ត្រូវបានបញ្ឈប់៕  សម្រួលដោយ  ទៀង​  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង