ចាក់សម្លាប់ប្រពន្ធ ក្នុងថ្ងៃបោះឆ្នោត រត់មកលាក់ខ្លួននៅចម្ការស្វាយ លុះស្រេកទឹកនិងឃ្លានបាយ ចេញ មកវិញPMចាប់ខ្លួន!

កណ្ដាល៖ បុរសម្នាក់ត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល ចាប់ខ្លួន បន្ទាប់ពីប្រចណ្ឌ ចាក់សម្លាប់ប្រពន្ធ។   ហើយរត់មកសំងំលាក់ខ្លួន ក្នុងចម្ការស្វាយ អស់រយៈពេល១យប់ រហូតឃ្លានបាយនិងស្រេកទឹក ចេញមកវិញ ក៏ត្រូវឃាត់ខ្លួនតែម្ដង។  ករណីឃាតកម្មនេះ បានកើតឡើង នៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីវេលាម៉ោង១៨និង៣០នាទី យប់ថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣។  ជនដៃដល់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននៅយប់ទី២៤.០៧.២០២៣ ពោលគឺក្រោយកើតហេតុ១យប់..!។  សមត្ថកិច្ចបានឱ្យដឹងថាៈ ឃាតករឈ្មោះ អឿន សុិន ភេទប្រុសអាយុ ៤៤ឆ្នាំ នៅភូមិ ឃុំ កើតហេតុ(ប្ដី)។  រីឯជនរងគ្រោះឈ្មោះ សែម គឹមសាន ភេទស្រីអាយុ៤៤ឆ្នាំនៅភូមិ ឃុំ កើតហេតុ(ស្លាប់.ប្រពន្ធ)។  ជុំវិញករណីនេះ ក្រោយឃាត់ខ្លួនជនដៃដល់បានសារភាពថា៖ ខ្លួនពិតបានយកកាំបិតចុងស្រួច ចាក់សម្លាប់ប្រពន្ធ ឈ្មោះ សែម គឹមសាន ប្រាកដមែន។  មូលហេតុៈ មកពីខ្លួនប្រចណ្ឌប្រពន្ធ ខណៈប្រពន្ធតែងតែដើរផឹកស៊ី ជាមួយមនុស្សប្រុសជាញឹកញាប់ និងចងការប្រាក់គេជំពាក់ច្រើន មិនគិតរកលុយសងគេ គិតតែរឿងផឹកស៊ីផ្ដេសផ្ដាស់.និយាយមិនស្ដាប់។  បើតាមការលើកឡើង ពីឃាតករ ក្រោយធ្វើសកម្មភាពរួច ខ្លួនបានកាន់កាំបិតរត់មកផ្ទះវិញ ។  ដោយបោះកាំបិតចោល នៅលើគ្រែ ក្បែរពាងទឹកនៅក្រៅផ្ទះ និងបន្តរត់ទៅពួនក្នុងចម្ការស្វាយមួយកន្លែង ចម្ងាយពីផ្ទះប្រហែលជាង៥០០ម៉ែត្រ និងបានទូរស័ព្ទទៅកូនស្រីរបស់ខ្លួន ប្រាប់ថា «អញចាក់សម្លាប់ម៉ែឯងហើយ ទៅមើលផង»។  លុះយប់ថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៣ ដោយរូបគេស្រេកទឹកផង ឃ្លានបាយផង ទើបដើរចេញពីក្នុងចម្ការស្វាយសំដៅមកភូមិ ក៏ជួបនឹងសមត្ថកិច្ចកងរាជអាវុធហត្ថ ដែលកំពុងពួនស្ទាក់ ទើបត្រូវឃាត់ខ្លួនតែម្តង!។  បច្ចុប្បន្នៈ ជនដៃដល់ខាងលើត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង