ធ្លាក់យន្តហោះ ពន្លត់អគ្គីភ័យស្លាប់២នាក់ នៅប្រទេសក្រិក!
អាកាសយានិកកងទ័ពអាកាស ក្រិកពីរនាក់ បានស្លាប់ បន្ទាប់ពីយន្តហោះបាញ់ទឹករបស់ពួកគេ ធ្លាក់ពេលកំពុងប្រយុទ្ធនឹងភ្លើងឆេះព្រៃ នៅលើកោះ Evia ។ កងកម្លាំងអាកាសបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថាៈ យន្តហោះរបស់ពួកគេដែលជាយន្តហោះកាណាដា អ៊ែរ CL-215 បានធ្លាក់នៅម៉ោង 2:52 រសៀល (11:52 GMT) ក្នុងអំឡុងពេលប្រតិបត្តិការពន្លត់អគ្គីភ័យនៅទីក្រុង Platanistos កាលពីថ្ងៃអង្គារ។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានកំណត់ថា កាពីទែនយន្តហោះអាយុ ៣៤ ឆ្នាំនិងសហអ្នកបើកបរអាយុ ២៧ ឆ្នាំបានស្លាប់ទាំងពីរនាក់។ក្រសួងការពារជាតិក្រិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវកាន់ទុក្ខរយៈពេលបីថ្ងៃ ។ ដើម្បីគោរពចំពោះការបាត់បង់អាយុជីវិត ក្នុងជួរកាតព្វកិច្ចរបស់មន្រ្តីកងទ័ពអាកាស និងអ្នកបើកយន្តហោះពន្លត់អគ្គីភ័យ CL-215 ដែលប្រតិបត្តិការនៅ Evia»។គួរជម្រាបថាៈ ឧបទ្ទវហេតុនេះ បានកើតឡើង នៅពេលដែលប្រទេសក្រិចប្រយុទ្ធនឹងភ្លើងឆេះព្រៃ នៅលើរណសិរ្សសំខាន់ៗចំនួនបី ។ រួមទាំងកោះទេសចរណ៍ Rhodes និង Corfu ហើយភ្លើងផ្សេងទៀតបានឆាបឆេះចំពេលមានរលកកំដៅនៅទូទាំងតំបន់មេឌីទែរ៉ាណេ ដែលបានសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងប្រទេសអាល់ហ្សេរី៕ សម្រួលដោយ ទៀង បុណ្នរី