ព្រឹកនេះ! អាជ្ញាធរខេត្តកំពតបើកបង្ហូររំដោះទឹកចេញពីអាងវារីអគ្គិសនីកំចាយនៅវាលាម៉ោង១០

ខេត្តកំពត៖ រដ្ឋបាលខេត្តកំពតបានឱ្យដឹងថា ដោយសារតែបញ្ហាអាកាសធាតុ មេឃមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ពិសេសនៅតំបន់ជួរភ្នំកំចាយ បានធ្វើឱ្យកម្ពស់ទឹកក្នុងអាងស្តុកទឹកកើនឡើង។ ដូច្នេះ ក្រុមហ៊ុនវារីអគ្គិសនីកំចាយ(ស៊ីណូហាយដ្រូ) នឹងធ្វើការបើកបង្ហូរទឹកចេញពីអាងពីទំនប់វារីអគ្គិសនី ដើម្បីរំដោះទឹកចេញ…។  យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត កាលពីយប់ថ្ងៃទី២៥ ម្សិលមិញថា៖ «ក្រុមការងារបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយ នឹងធ្វើការបើកទ្វារទឹកចំនួន០១ កម្ពស់២ម៉ែត្រនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ វេលា ១០:០០ព្រឹក ដើម្បីរំដោះទឹកចេញពីទំនប់។ ដូច្នេះ ស្ថានភាពទឹកព្រែកនឹងមានកម្ពស់លើសពីធម្មតា»។ ហើយការបើកទ្វារទឹកនេះ បានធ្វើឡើងដោយផ្អែកលើការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ភ្លៀងនឹងនៅតែបន្តធ្លាក់ចាប់ពីថ្ងៃទី២៦ ខែកក្កដា រហូតដល់ថ្ងៃទី១ ខែសីហា បង្កឱ្យមានភ្លៀងខ្យល់ខ្លាំង ថែមទាំងកើនឡើងខ្ពស់នូវរលកសមុទ្រ។ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នៅតំបន់ទំនប់វារីអគ្គិសនីកំចាយ ទឹកក្នុងអាងទំនប់មានកម្ពស់រហូតដល់ ១៤៨,២៦ម៉ែត្រ និងលម្ហូរទឹកចូលក្នុងអាងចំណុះ៤៣៧,៤៣ម៉ែត្រត្រីគុណក្នុង១វិនាទី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង