អភិបាលស្រុកក្រឡាញ់ ដឹកនាំក្រុមការងារចុះពិនិត្យទីតាំងបូមខ្សាច់ និងដឹកដីលក់ ក្រោយមានប្រជាពលរដ្ឋផ្ទុះការតវ៉ា
ខេត្តសៀមរាប៖ បន្ទាប់ពីអង្គភាពសារព័ត៌មាន បានចុះផ្សាយព័ត៌មានសំណូមពររបស់ប្រជាពលរដ្ឋនៅភូមិថ្មី ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប បានស្នើសុំឱ្យលោកអភិបាលស្រុកក្រឡាញ់ជួយអន្តរាគម លើករណីម្ចាស់អាជីវកម្មបូមខ្សាច់ និងដឹកដីលក់របស់ឈ្មោះថេត ហេងម៉ាប់ ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋធ្ងន់ធ្ងរនោះ ពេលនេះ លោកអភិបាលស្រុកក្រឡាញ់ បានដឹកនាំក្រុមការងារជំនាញចុះទីតាំងផ្ទាល់ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងនាមជាអាជ្ញាធរដែនដីដឹងសុខទុក្ខរបស់ពលរដ្ឋនៅមូលដ្ឋាន…។ លោក សុខ ណារ៉េត អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានចុះទៅត្រួតពិនិត្យដល់ទីតាំងរបស់ម្ចាស់អាជីវកម្មផ្ទាល់ ដើម្បីពិនិត្យមើលពីផលប៉ះពាល់លើគម្រោងអាជីវកម្មបូមខ្សាច់របស់ លោក ថេត ហេងម៉ាប់ដែលស្ថិតក្នុងភូមិថ្មី ឃុំតាអាន។ ក្រោយពីបានស៊ើបអង្កេតល្អិតល្អន់លើករណីខាងលើនេះ លោកអភិបាលស្រុក បានថ្លែងប្រាប់ ថា កន្លងមកលោក ថេត ហេងម៉ាប់ ដែលជាម្ចាស់អាជីវកម្មបូមខ្សាច់ខាងលើ គឺមានអាជ្ញាបណ្ណត្រឹមត្រូវហើយ តែលោកមិនបានគោរពសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលខ្លួនបានធ្វើអាជីវកម្ម ព្រោះមានសេចក្តីរាយការណ៍ថា អាជីវកម្មរបស់លោក ថេត ហេងម៉ាប់ គឺធ្វើការដឹកជញ្ចូនទាំងថ្ងៃទាំងយប់ ដែលធ្វើឱ្យកើតរឿងផ្ទុះការតវ៉ាពីប្រជាពលរដ្ឋបែបនេះតែម្ដង។ លោកអភិបាលស្រុករូបនេះ បានបញ្ជាក់បន្ថែមថា មិនមែនមានតែមួយទីតាំងទេ គឺមានឤជីវកម្មក្បែរនោះផ្សេងទៀត ដែលកំពុងប្រកបរបបដូចគ្នានេះដែរ ជាក់ស្ដែងពេលអជ្ញាធរចុះទៅពិនិត្យ គឺភាគីម្ចាស់ទីតាំងរកស៊ីដឹកខ្សាច់ម្ខាងទៀតនោះ មានបញ្ហាទំនាស់ជាមួយភាគីលោក ថេត ហេងម៉ាប់ ហើយបានឈ្លោះគ្នាកើតចេញជារឿងកាយដីបិទផ្លូវ ដែលធ្វើឱ្យលោក ថេត ហេងម៉ាប់ គ្មានផ្លូវដឹកក៏ដឹកលើដីស្រែចម្ការប្រជាពលរដ្ឋតែម្ដង។ យ៉ាងណា លោកអភិបាលស្រុក បញ្ជាក់ថា នោះជារឿងទំនាស់ផលប្រយោជន៍បុគ្គលរវាងក្រុមអ្នកធ្វើឤជីវកម្មខ្សាច់ដែលមានការប្រកួតប្រជែងគ្នា ដឹកខ្សាច់ទាំងយប់ទាំងថ្ងៃបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលសកម្មភាពនេះមិនអាចឱ្យមានទៀតទេ។ មន្ត្រីជំនាញនៃមន្ទីររ៉ែ និងឋាមពល នឹងចុះមកត្រួតពិនិត្យម្ដងទៀតសម្រាប់បុគ្គលណាដែលមិនបានធ្វើអាជ្ញាបណ្ណអាជីវកម្ម ឬធ្វើលើសគោលការណ៍ណែនាំ គឺនឹងត្រូវបិទអាជីវកម្មនោះចោលតែម្ដង។ ទោះយ៉ាងណា ចំពោះបញ្ហារបស់ប្រជាពលរដ្ឋ២៤គ្រួសារដែលផ្ទុះការតវ៉ានោះ លោកអភិបាលស្រុកបញ្ជាក់ថា នៅមិនទាន់ដោះស្រាយជូនបាននៅឡើយទេ ព្រោះជាប់រវល់កិច្ចការបោះឆ្នោត ម្យ៉ាងការងារនេះត្រូវការស៊ើបអង្កេតឱ្យបានល្អិតល្អន់ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនភាគីទាំងសងខាង។ ដូច្នេះ ក្រោយបោះឆ្នោតរួច លោកនឹងណែនាំឱ្យមន្ត្រីជំនាញកោះហៅភាគីទាំងសងខាងមកជួបជុំគ្នានៅសាលាស្រុកដោះស្រាយទំនាស់នេះបន្តទៀត…៕ សម្រួលដោយ ទៀង បុណ្ណរី