ពលរដ្ឋចិញ្ចឹមសត្វគោ-ក្របីសូមប្រុងប្រយ័ត្ន! ផ្ទុះជំងឺសាទឹកក្នុងសហគមន៍សត្វក្របីធំមួយនៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ សត្វក្របីខ្ទង់រយក្បាលនៅក្នុងសហគមន៍សត្វក្របីដ៏ធំមួយ នៅឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលជាផ្នែកមួយនៃវាលទំនាបតំបន់២ និងតំបន់៣ បឹងទន្លេសាប បានកើតមានជំងឺសាទឹករយៈពេល១សប្តាហ៍ហើយ ខណៈដែលក្នុងតំបន់ឃុំតាអំ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាប់ព្រំប្រទល់គ្នានោះ ក៏មានផ្ទុះជំងឺស្រដៀងគ្នានេះដែរ។ នេះបើយោងតាមការឱ្យដឹងពី លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត…។  លោក ហ៊ុយ ទូច បានឱ្យដឹងថា គិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ មន្ត្រីពេទ្យសត្វការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយមន្ត្រីជំនាញ បានចុះទៅពិនិត្យតាមដានព្យាបាលជំងឺលើសត្វទាំង ជូនប្រជាពលរដ្ឋជាម្ចាស់សត្វចំនួន៥គ្រួសារ ក្នុងភូមិចំនួន៣រួមមាន៖ ភូមិកំព្រាម, ភូមិចារ និងភូមិតាអំ ឃុំប្រាសាទ ដែលមានសត្វក្របីសរុប១៨៨ក្បាល។ ក្នុងនោះ មន្ត្រីជំនាញបានរកឃើញថាមាន៥គ្រួសារ ដែលមានក្របីសរុប ៥២ក្បាលឈឺ២៣ក្បាល (ធ្ងន់០៣ក្បាល) ងាប់២០ក្បាល សង្ស័យជាជំងឺសាទឹក។ ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា៖ «ការផ្ទុះជំងឺសាទឹកនេះ រាលដាលនៅឃុំនៃស្រុក៣ជាប់ព្រំទល់ ខេត្តបន្ទាយមានជ័យ សៀមរាប និងបាត់ដំបងដែលជាសហគមន៍មានចិញ្ចឹមក្របីរាប់ពាន់ក្បាល ដោយសារពួកវានៅពាសវាលពាសកាលក្រៅក្រោល ដែលពិបាកខ្លាំងណាស់ក្នុងទប់ស្កាត់នូវការឆ្លងជំងឺ»។ ម្យ៉ាងវិញទៀត ប្រជាកសិករម្ចាស់សត្វក្របីទាំងនោះ ក៏មិនសូវយល់ស្រប ឬស្តាប់តាមការណែនាំផ្សព្វផ្សាយយកសត្វទាំងនោះមកចាក់វ៉ាក់សាំងដែរ។   លោកបានឱ្យដឹងបន្ថែមថា ជាវិធានការបច្ចេកទេសក្រុមការងារបានបែងចែកគ្នាជា២ក្រុម៖ ក្រុមទី១. ចុះទៅពិនិត្យព្យាបាលសត្វក្របីទាំង៥គ្រួសារបានចំនួន២៣ក្បាល ដោយបានហៅប្រជាកសិករដែលមានចិញ្ចឹមសត្វក្របី-គោ ទាំងអស់នៅក្នុងភូមិសាស្ត្រមកពន្យល់ណែនាំផ្សព្វផ្សាយពីបច្ចេកទេសធ្វើយ៉ាងណាកុំឱ្យសត្វទាំងនោះមានជំងឺ និងបង្ការការឆ្លងរាលដាលបន្តទៀត។ ជាវិធានការពលរដ្ឋទាំងអស់មិនត្រូវពិឃាត ឬបរិភោគសាច់សត្វក្របីដែលឈឺងាប់ត្រូវបំបែកសត្វឈឺចេញពីសត្វជា និងមិនត្រូវចងសត្វនៅកន្លែងក្ដៅខ្លាំងនោះទេ។  គួរបញ្ជាក់ដែរថា បើតាមទិន្នន័យចុងក្រោយមួយពីមន្ត្រីចុះប្រតិបត្តិការបានបង្ហើបថា ក្នុងចំណោមក្របី១០០ក្បាល មាន៨០ក្បាលបានឈឺជំងឺសារទឹក។ ប៉ុន្តែមកទាល់ពេលនេះយុទ្ធនាការចុះព្យាបាលដោយមន្ត្រី និងភ្នាក់ងារពេទ្យសត្វដោយសត្វក្របីបានជាឡើងវិញបណ្តើរៗ និងដាក់ទិសដៅចុះបាញ់ថ្នាំសម្លាប់មេរោគបន្ថែមទៀត នៅថ្ងៃបន្តបន្ទាប់ដើម្បីគ្រប់គ្រងស្ថានភាពជំងឺ។ ជាមួយគ្នានេះមន្ត្រីជំនាញក៏បានបន្ថែមថា សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានបែងចែកសម្ភារបរិក្ខាបសុពេទ្យ ថ្នាំការពារជំងឺសារទឹកគោក្របី ថ្នាំព្យាបាលជូនដល់ផ្នែកបសុព្យាបាលស្រុក-ក្រុងទាំង០៩ និងបានចុះចាក់វ៉ាក់សាំងសាទឹកគោ ជូនសត្វពាហនៈរបស់ប្រជាពលរដ្ឋនៅក្នុងភូមិអូរបីជាន់ចំនួន២១៥ក្បាលផងដែរ៕   សម្រួលដោយ  ទៀង  បុណ្ណរី

 

អត្ថបទដែលជាប់ទាក់ទង