ប្រព័ន្ធអប់រំនៅមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងវិបត្តិ ខណៈគ្រូ និងសិស្សបោះបង់សៀវភៅ ហើយស្រវាអាវុធវិញ
បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយមានរដ្ឋប្រហារឆ្នាំ២០២១ សិស្សវិទ្យាល័យភាគច្រើននៅទីប្រជុំជនដាច់ស្រយាលនៃទីក្រុងថាំងឡង់ (Thantlang) បានបោះបង់ការសិក្សារបស់ពួកគេ ហើយស្រវាកាន់អាវុធដើម្បីគាំទ្រការបះបោរនៅមូលដ្ឋានប្រឆាំងនឹងយោធា។ ធនាគារពិភពលោក បានរៀបរាប់នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីខែកក្កដាថា នៅទូទាំងប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសក្រីក្របំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានបំផ្លិចបំផ្លាញដោយការប្រយុទ្ធគ្នាកាន់តែខ្លាំង ចាប់តាំងពីរដ្ឋប្រហារមក។ មានតែសិស្សប្រហែល២២ភាគរយប៉ុណ្ណោះ ដែលត្រូវបានចុះឈ្មោះចូលរៀននៅកម្រិតវិទ្យាល័យ។ ធនាគារពិភពលោក បានបង្ហាញថា ជារួម អត្រាចុះឈ្មោះចូលរៀននៅក្នុងស្ថាប័នអប់រំរបស់ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចុះជាង១២ភាគរយ ចន្លោះឆ្នាំ២០១៧ និង២០២៣ ដោយគូសបញ្ជាក់ពី «វិបត្តិក្នុងការទទួលបានការអប់រំ»។ ធនាគារពិភពលោក បានលើកឡើងថា ខណៈដែលប្រទេសផ្សេងទៀតនៅក្នុងតំបន់បានឃើញការចុះឈ្មោះចូលរៀន មានកំណើនឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ចុះខ្សោយឥទ្ធិពល កុមារមួយចំនួនធំនៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនបានត្រលប់មកសាលារៀនវិញទេ នេះបើយោងតាមការស្ទង់មតិលើគ្រួសារជិត៨៥០០។ គ្រូបង្រៀន និងសិស្សានុសិស្សក្នុងប្រទេសមីយ៉ាន់ម៉ា បានចូលរួមក្នុងចលនាប្រឆាំងប្រឆាំងនឹងការគ្រប់គ្រងដោយយោធាអស់ជាច្រើនទសវត្សរ៍មកហើយ។ គ្រូបង្រៀនជាច្រើននាក់ បានចូលរួមចលនាប្រឆាំង ដែលរំខានដល់វិស័យអប់រំ។ របាយការណ៍បានរៀបរាប់ថា៖«ការធ្លាក់ចុះនៃចំណែករបស់កុមារ ដែលបានចុះឈ្មោះនៅចន្លោះឆ្នាំ២០១៧ និង២០២៣ ចង្អុលបង្ហាញពីវិបត្តិក្នុងសិទ្ធិទទួលបានការអប់រំនៅប្រទេសក្នុងតំបន់អាស៊ានមួយនេះ»។ នៅតំបន់ខ្លះនៃប្រទេសមីយ៉ាន់ម៉ា សូម្បីតែសិស្សានុសិស្សដែលត្រឡប់មកថ្នាក់រៀនវិញ ក៏ជួបការលំបាកដែរ ខណៈគ្រូបង្រៀន និងអ្នកស្ម័គ្រចិត្ដព្យាយាមរក្សាលទ្ធភាពចូលរៀននៅសាលាមូលដ្ឋាននៅក្នុងតំបន់ដែលរងគ្រោះដោយអំពើហិង្សា។ បញ្ហាប្រឈមដ៏ធំបំផុតគឺកង្វះគ្រូបង្រៀនដែលមានសមត្ថភាព។ គ្រូស្ម័គ្រចិត្តប្រមាណ១១០០នាក់ កំពុងជួយអប់រំសិស្សានុសិស្សប្រមាណ១៧០០០នាក់ នៅទីក្រុងថាំងឡង់។ ចំណែក នៅក្នុងភូមិមួយក្នុងសង្កាត់ Khin U ក្នុងតំបន់ Sagaing ភាគកណ្តាល អតីតគ្រូបង្រៀន និងអ្នកស្ម័គ្រចិត្តរបស់រដ្ឋ បង្រៀនកុមារប្រហែល២០០នាក់ នៅក្នុងថ្នាក់រៀនបណ្តោះអាសន្ន។ គ្រូបង្រៀនម្នាក់បាននិយាយដោយសំដៅទៅលើយោធាថា៖ «ពួកគេតែងតែប្រើកាំភ្លើងធំបាញ់សំដៅទៅភូមិបង្កឱ្យមានទុក្ខព្រួយ និងការភ័យខ្លាចជាខ្លាំង។ យើងត្រូវរៀបចំផ្លូវរត់គេចដ៏ត្រៀមទុកក្នុងនៅពេលទាហានទាំងនេះមកខិតជិតយើង»៕ សម្រួលដោយ ទៀង បុណ្ណរី