ខេត្តកោះកុងព្យុះភ្លៀង ៣ ទៅ ៤ ថ្ងៃ នៅ កោះកុង គ្រាន់តែរំខានដល់ការរស់នៅពលរដ្ឋប៉ុណ្ណោះ
អភិបាលរងខេត្តកោះកុង លើកឡើងថា បញ្ហាព្យុះភ្លៀង ៣ ទៅ ៤ ថ្ងៃ មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ពលរដ្ឋឡើយ ពោលគ្រាន់តែរំខានដល់ការរកស៊ីទទួលទានប៉ុណ្ណោះ ប្រសិនបើមានគ្រោះធម្មជាតិ អាជ្ញាធរត្រៀមលក្ខណៈរួចរាល់ហើយ។ មិនខុសពីខេត្តជាប់សមុទ្រដទៃទេ ខេត្តកោះកុង ប៉ុន្មានថ្ងៃនេះ ក៏រងឥទ្ធិពលព្យុះភ្លៀងពីតិចទៅច្រើនដូចគ្នាដែរ ដោយសង្កេតឃើញថា មានបរិមាណទឹកធ្លាក់ច្រើន រីឯក្រុមទូកនេសាទបានចូលចតនៅច្រាំងមិនចេញនេសាទ។ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ ថា បញ្ហាព្យុះភ្លៀង ៣ ទៅ ៤ ថ្ងៃនេះ មិនចោទជាបញ្ហាធ្ងន់ធ្ងរដល់ពលរដ្ឋនោះទេ ប៉ុន្តែគ្រាន់តែបង្កការរំខានដល់យុទ្ធនាការឃោសនាបោះឆ្នោត និងការរកស៊ីទទួលទានរបស់ពលរដ្ឋប៉ុណ្ណោះ។ លោកអភិបាលរងខេត្តកោះកុង បន្ថែមថា ទោះយ៉ាងណា អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក៏បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ ដើម្បីចុះជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះមហន្តរាយប្រការណាមួយអំឡុងព្យុះភ្លៀងនេះ។ ក្នុងនោះ ត្រៀមការផ្ដល់ស្បៀងអាហារ និងរកទីទួលសុវត្ថិភាពជាដើម…។ កន្លងទៅ អាជ្ញាធរខេត្តបានផ្ដល់ដំណឹងទៅកាន់អាជ្ញាធរ និងពលរដ្ឋ អំពីការប្រែប្រួលអាកាសធាតុហើយដែរ ដោយហាមមិនឲ្យចេញទូកនេសាទនៅសមុទ្រទាំងប្រថុយប្រថានដែលងាយគ្រោះថ្នាក់។ ក្រសួងធនធានទឹក និងឧតុនិយម បង្ហាញថា ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៩-២៥ ខែកក្កដា ឆ្នាំ ២០២៣ ហាមប្រាមប្រជានេសាទ ឬ អ្នកធ្វើដំណើរកម្សាន្តតាមកោះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ធម្មជាតិដែលអាចកើតមានជាយថាហេតុ។ បន្ថែមនោះ សាធារណជន ជាពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រជ្រាបជាព័ត៌មាន និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕ សម្រួលដោយ ទៀង បុណ្ណរី