អាជ្ញាធរខេត្តកំពង់ស្ពឺព្រមានចាត់វិធានការទៅលើអ្នកចាក់ដី និងសាងសង់រំលោភលើទំនប់អាងតាសាល ក្នុងស្រុកឱរ៉ាល់

ខេត្តកំពង់ស្ពឺ៖ អាជ្ញាធរខេត្តបានព្រថានឹងចាត់វិធានការទៅលើអ្នកចាក់ដី និងសាងសង់រំលោភទំនប់អាងតាសាល ក្នុងស្រុកឱរ៉ាល់។ ការព្រមានរបស់អាជ្ញាធរនេះ បន្ទាប់ពីមានពលរដ្ឋ និងភាគីពាក់ព័ន្ធមួយចំនួន បានរំលោភបំពាន​ចាក់ដីទន្ទ្រាន និងសាងសង់សំណង់ផ្សេងៗ ធ្វើឱ្យប៉ះពាល់ផ្ទៃអាងទឹកទំនប់តាសាល ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ យោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់កាលពីថ្ងៃទី ១៩ កក្កដា ថា ដើម្បីចូលរួមគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍អាងទឹកឱ្យមានប្រសិទ្ធភាព និរន្តរភាព ដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងធនធាន​ទឹករបស់កម្ពុជា សាធារណ:ជន ប្រជាពលរដ្ឋ ភាគីពាក់ព័ន្ធ ដែលបានរំលោភបំពានចាក់ដីទន្ទ្រាន និងសាងសង់​សំណង់ផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់ផ្ទៃអាងទឹកទំនប់តាសាល ត្រូវ តែបញ្ឈប់ និងរុះរើសម្ភារដែលបានប្រើប្រាស់ ចេញពីផ្ទៃអាងទឹកជាបន្ទាន់។  រដ្ឋបាលខេត្តកំពង់ស្ពឺបានព្រមានថា ក្នុងករណីមិនស្តាប់ តាមការណែនាំបន្តរំលោភបំពាន និងសាងសង់ទៀត រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញ នឹងចាត់វិធានការទៅតាមផ្លូវច្បាប់។  សូមបញ្ជាក់ថា ទំនប់អាងទឹក​តាសាល មានប្រវែងសរុប​ ៧២០​ម៉ែត្រ​ អាចមានលទ្ធភាព ក្នុងការស្តុកទឹក​បាន១៤០​លានម៉ែត្រគូប​​ បានរូមចំណែកជួយកាត់​បន្ថយ​បញ្ហា​​ទឹក​ជំន​ន់ នារដូវវស្សា។   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង