សូមបង្កើនការប្រុងប្រយ័ត្ន! ចាប់ពីស្អែកនេះកម្ពុជាទទួលឥទ្ធិពលពីជ្រលងព្យុះទី៤ «តាលីម» បង្កឱ្យមានភ្លៀង និងខ្យល់កន្ត្រាក់

​ភ្នំពេញ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញសេចក្តីជូនដំណឹងនាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះថា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ពេញមួយសប្ដាហ៍បន្តទៀត ដោយសារទទួលឥទ្ធិពលពីជ្រលងព្យុះទី៤ (តាលីម TALIM) និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរចាប់ពីថ្ងៃទីចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៥ កក្កដា…។  រសួង​បានអះអាងទៀតថា៖ «ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម (TALIM) និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គរ។ ដោយឡែក ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតប្រទេសហ្វីលីពីន សម្ពាធទាប សកម្មមួយ នឹងអាចវិវត្តទៅជាព្យុះថ្មីមួយទៀត ពេលចូលដល់ភាគខាងជើងប្រទេសហ្វីលីពីន»​។ ស្ថានភាព​បែប​នេះ ​នឹង​ធ្វើ​ឱ្យ​ភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ពេញផ្ទៃប្រទេស ដោយក្នុងនោះ តំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣ទៅ ២៥អង្សាសេ និងមានសីតុណ្ហភាពអតិបរមាពី ៣០ទៅ៣២អង្សាសេ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅមធ្យម និងបង្គួរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។  ឯ​តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ២២ទៅ ២៤អង្សាសេ និងមានសីតុណ្ហភាពអតិបរមាពី ២៩ ទៅ៣១អង្សាសេ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែក តំបន់មាត់សមុទ្ទ មានសីតុណ្ហភាពអប្បបរមាពី ២៤ ទៅ ២៦អង្សាសេ និងមានសីតុណ្ហភាពអតិបរមាពី ៣២ ទៅ ៣៤អង្សាសេ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ្ទនឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្ទមានកម្ពស់ខ្ពស់៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង