ក្រុមចោរវាយប្លន់យកម៉ូតូពីយុវជនម្នាក់ បានសម្រេច នៅខណ្ឌមានជ័យ

យុវជន​ម្នាក់ ជិះ​ម៉ូតូ​ម្នាក់ឯង​តាម​ដង​ផ្លូវ ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​ធ្វើ​សកម្មភាព​កៀរ​ផ្ដួល រួច​វាយ​ប្លន់​យក​ម៉ូតូ​បាន​សម្រេច ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង ២ និង ២០ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១៨ ខែ​កក្កដា ឆ្នាំ ២០២៣ នៅ​ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ខាងត្បូង តាម​បណ្ដោយ​ផ្លូវ​លេខ ២៧១ សង្កាត់​ស្ទឹងមានជ័យ​ទី ២ រាជធានី​ភ្នំពេញ។  ជនរងគ្រោះ​មាន​ឈ្មោះ លី វ៉ាន់ដា ភេទ​ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ​កាត់​កញ្ចក់ ស្នាក់នៅ​ភូមិ​សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ មាន​ស្រុកកំណើត​នៅ​ឯ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​បាត់​នោះ ម៉ាក​ហុងដា​ឌ្រីម ស៊េរី​ឆ្នាំ ២០២២ ពណ៌​ក្រហម បិទ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក្រចេះ 1F-0039។  បើ​តាម​សម្ដី​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ រូបគេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពី​ម្ដុំ​ផ្លូវ​សឡា ទៅ​ទិញ​អី​ហូប​នៅ​ម្ដុំ​ផ្សារ​សុ​វណ្ណា ដោយ​ធ្វើដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​លេច​មុខ​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា ៥ នាក់ ជិះ​ម៉ូតូ​បី​គ្រឿង ដេញ​មកពី​ក្រោយ ធ្វើ​សកម្មភាព​កៀរ​ផ្ដួល​ម៉ូតូ​រូបគេ បណ្ដាល​ឲ្យ​ដួល។ ក្នុង​នោះ ក្រុម​ជនសង្ស័យ ក៏បាន​វាយ​ទៅ​លើ​រូបគេ​ថែមទៀត រួច​ប្លន់​យក​ម៉ូតូ​ជិះ​គេច​ខ្លួន​បាត់​ស្រមោល​តែម្ដង។  ក្រោយ​កើតហេតុ ប្រជាពលរដ្ឋ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់ រួច​នាំ​ជនរងគ្រោះ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី ២ ដើម្បី​ងាយស្រួល​ឲ្យ​សមត្ថកិច្ច​កំណត់​មុខ​សញ្ញា និង​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនសង្ស័យ​យក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕   សម្រួលដោយ   ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង