ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅកូរ៉េខាងត្បូងឡើងដល់ ៣៩នាក់

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយ៉ុល (Yoon Suk Yeol) នៅថ្ងៃចន្ទទី ១៧ ខែកក្កដានេះ បានបញ្ជាឱ្យក្រុមមន្ត្រីខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីដោះស្រាយការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៩នាក់ ក្នុងនោះរាប់បញ្ចូលទាំងមនុស្សរាប់សិបនាក់ ដែលត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងផ្លូវក្រោមដីលិចទឹក…។  ភ្លៀងបានធ្លាក់យ៉ាងកំហុកនៅតំបន់កណ្តាល និងភាគខាងត្បូងរបស់ប្រទេសចាប់តាំងពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ខណៈដែលរដូវភ្លៀងចាប់ផ្តើមនៅចុងខែមិថុនាឈានដល់កម្រិតខ្ពស់បំផុត។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃបានរាយការណ៍ថា មនុស្ស ៩នាក់បានបាត់ខ្លួន និង ៣៤នាក់បានរងរបួស។ ក្នុងចំណោមអ្នកស្លាប់ និងរបួស មានមនុស្សស្លាប់ចំនួន ១២នាក់បានរកឃើញនៅក្នុងផ្លូវរូងក្រោមដីមួយនៅកណ្តាលទីក្រុង ឈឹងជូ (Cheongju) ជាកន្លែងដែលរថយន្ត ១៦គ្រឿង រួមទាំងរថយន្តក្រុងមួយផងដែរ ត្រូវបានលិចដោយទឹកជំនន់ភ្លាមៗកាលពីថ្ងៃសៅរ៍ ទី១៥ ខែកក្កដា បន្ទាប់ពីជ្រលងទន្លេក្បែរនោះបានបាក់ស្រុត ខណៈមនុស្ស ៩នាក់ផ្សេងទៀតបានរងរបួស។ ជុំវិញគ្រោះមហន្តរាយនេះ លោក យូន បានកោះប្រជុំផ្ទៃក្នុងទីភ្នាក់ងារស្តីពីការឆ្លើយតបគ្រោះមហន្តរាយ ហើយបានអំពាវនាវឱ្យអាជ្ញាធរខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួយសង្គ្រោះជនរងគ្រោះ និងបានប្តេជ្ញាថានឹងគាំទ្រការងារសង្គ្រោះ រួមទាំងការកំណត់តំបន់ដែលរងគ្រោះមហន្តរាយជាពិសេស។  ងាកមកចាប់អារម្មណ៍បញ្ហាគ្រោះធម្មជាតិនៅក្នុងចិនវិញម្ដង ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិពីការជន់លិចយ៉ាងធ្ងន់ធ្ងរ ខណៈដែលអ្នកវិទ្យាសាស្ត្ររបស់ប្រទេសនេះបានព្រមានថាខែកក្កដានឹងនាំមកនូវទុក្ខវេទនាបន្ថែមទៀតជុំវិញបញ្ហាអាកាសធាតុធ្ងន់ធ្ងរ។ ជាការពិតណាស់ ភ្លៀងធ្លាក់យ៉ាងកំហុកនៅប្រទេសចិនបានសម្លាប់មនុស្ស ១៥នាក់ និងបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ស្វែងរកទីទួលសុវត្ថិភាព។ ទន្ទឹមគ្នានេះដែរ ទឹកជំនន់ និងការរអិលបាក់ស្រុតដីក្នុងប្រទេសជប៉ុនបានសម្លាប់មនុស្ស ៦នាក់ ខណៈដែលអ្នកវិទ្យាសាស្ត្រព្រមានថា ភ្លៀងធ្លាក់ខ្លាំងនឹងកាន់តែអាក្រក់ទៅៗ៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង