មុខសញ្ញាគប់កញ្ចក់ឡាននៅផ្លូវជាតិលេខ៤ ម្នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

កំពង់ស្ពឺ ៖ ក្រោមការដឹកនាំបញ្ជាពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដឹកនាំដោយវរសេនីយ៍ឯក សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួច នៅថ្ងៃទី១៤ កក្កដា ២០២៣ បានធ្វើការស្រាវជ្រាវមុខសញ្ញា គប់កញ្ចក់រថយន្តពេលយប់ និងបានឃាត់មុខសញ្ញាឈ្មោះ ឆាង ធារ៉ា ហៅង៉ែត ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគិរីវ័ន ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ មកសាកសួរ មុខសញ្ញាខាងលើបានទទួលស្គាល់និងសារភាពថា ខ្លួនពិតជាបានយកដុំថ្មគប់លើរថយន្ដមួយគ្រឿង មិនស្គាល់ម៉ាក ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥៨-៥៩ ចំណុចស្ពាន ស្ថិតក្នុងភូមិព្រៃស្តុក ឃុំមហាសាំង ស្រុកភ្នំស្រួច កាលពីយប់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៣។  តាមសេចក្តីរាយការណ៍ពីអ្នកបើកបររថយន្ដឈ្មោះ ញៀន ឋានសួគ៌ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិក្រាំងស្ពឺ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្ដឹងមកសមត្ថកិច្ច ថានៅវេលាយប់នោះ មានជនសង្ស័យម្នាក់មានភិនភាគសម្បុរស សក់បះៗ ឈរដោះអាវ រួចបានយកវត្ថុរឹងចោលមកលើរថយន្ដដែលបើកឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥៨.៥៩ ចំណុចស្ពានឃុំមហាសាំង។   មុខសញ្ញាដែលធ្វើសកម្មភាពយកដុំថ្មគប់ទៅលើរថយន្តជាមនុស្សប្រើប្រាស់គ្រឿងញៀន ក្រោយការប្រើប្រាស់ បុគ្គលនេះមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាននោះទេ។  ករណីខាងលើសមត្ថកិច្ចជំនាញកំពុងឃាត់ខ្លួនសាកសួរនិងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីបន្ដនីតិវិធី៕  សម្រួលដោយ   ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង