ព្យុះកំបុតត្បូងបានបោកបក់ក្បែរអាកាសយានដ្ឋាន O’Hare ក្នុងទីក្រុងឈីហ្កាហ្គោ ធ្វើឱ្យជើងហោះហើររាប់រយរាំងស្ទះ

ព្យុះកំបុតត្បូងមួយបានបោកបក់ កាលពីល្ងាចថ្ងៃពុធទី១២កក្កដា នៅជិតអាកាសយានដ្ឋានអន្តរជាតិ O’Hare ក្នុងទីក្រុងឈីហ្កាហ្គោ(Chicago) ដោយជំរុញឱ្យអ្នកដំណើររកកន្លែងសុវត្ថិភាព និងរំខានដល់ជើងហោះហើររាប់រយ ប៉ុន្តែមិន​មាន​សេចក្តី​រាយការណ៍​អំពីការរង​របួស​នោះ​ទេ។  យោងតាមទីភ្នាក់ងារអាកាសធាតុជាតិនៅទីក្រុង ឈីហ្កាហ្គោ បានឱ្យដឹងថា ខ្យល់ព្យុះកំបុតត្បូងមួយបានកើតឡើងនៅប្រហែលម៉ោង៧យប់។ ព្យុះកំបុតត្បូងនេះទៀតសោត បាននឹងកំពុងបក់បោកខ្លាំងមកទល់ពេលនេះ ហើយកំពុងយាត្រាឆ្ពោះទៅទិសខាងកើត។ គិតត្រឹមម៉ោង៨យប់ ទីភ្នាក់ងារអាកាសធាតុបានអះអាងថា ព្យុះនេះកំពុងផ្លាស់ទីទៅភាគខាងកើតឆ្ពោះទៅរដ្ឋមីឈីហ្គាន់ (Michigan) ដែលជាកន្លែងការព្រមានអំពីព្យុះកំបុតត្បូង។  វីដេអូ​ពី​ស្ថានីយ​ទូរទស្សន៍​បាន​បង្ហាញ​មនុស្ស​រាប់​រយ​នាក់​កំពុង​ជ្រក​កោន​នៅ​ក្នុង​សាលប្រជុំ O’Hare។ យោងតាមសេវាកម្មតាមដានជើងហោះហើរ Flight Aware បានឱ្យដឹងថា ជើងហោះហើរ១៦៩ត្រូវបានលុបចោល ហើយជើងហោះហើរជិត៥០០ ត្រូវបានពន្យារពេល។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារអាកាសធាតុជាតិបានចេញការព្រមានអំពីព្យុះកំបុតត្បូងចំនួនពីរសម្រាប់តំបន់មួយចំនួននៃទីក្រុងកាលពីល្ងាចថ្ងៃពុធទី១២កក្កដា។ គួរបញ្ជាក់ថា សំឡេងស៊ីរ៉ែនព្យុះកំបុតត្បូងបានបន្លឺឡើងយ៉ាងហោចណាស់ពីរដងនៅទូទាំងទីក្រុងឈីហ្កាហ្គោ ដោយព្រមានមនុស្សឱ្យប្រុងប្រយ័ត្ន ជាពិសេសអ្នកនៅតាមអគារនានាក្នុងទីក្រុង៕   សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង