ស្ពាន​កោះ​នរា​ឈាន​ទៅ​តភ្ជាប់​​កំណាត់ចុងក្រោយ​ គ្រោង​បញ្ចប់​មុន​ផែនការ

ការដ្ឋាន​​ស្ពាន​កោះ​នរា​​កំពុង​ឈាន​ទៅ​តភ្ជាប់​កំណាត់​ចុងក្រោយ​ ហើយ​បើតាម​មើលជាក់ស្តែង​​អាច​​បញ្ចប់​មុន​ផែនការនៅ​ចុងឆ្នាំ​២០២៣។  កាល​ពីម្សិលមិញ ក្រុម​ព័ត៌មាន​កម្ពុជា​ថ្មី​បាន​ធ្វើ​ដំណើរ​ពិនិត្យមើលពី​​វឌ្ឍនភាព​គម្រោង​សាងសង់​ស្ពាន​កោះនរា​ឃើញ​ថាសម្រេច​បាន​លទ្ធផល​យ៉ាងច្រើន​។ ​​ក្រុម​កម្មករ​​កំពុង​ឈានទៅ​​ត​ភ្ជាប់​កំណាត់​កណ្តាល​​ស្ពានចុងក្រោយ ខណៈ​កំណាត់​នៅ​សង​ខាង​ស្ពាន​​ក៏​បាន​រៀបចំ​រួចរាល់​ហើយ​ដែរ។   អ្នក​ដំណើរ​ដែល​ជិះ​សាឡាងទៅមក ក៏​តែងតែ​សម្លឹង​មើល​ការដ្ឋាន​​ស្ពាន​ដែលកំពុង​សាងសង់ ខណៈ​ពួកគាត់​មើលឃើញ​ពី​សារសំខាន់និង​ភាពចាំបាច់របស់ស្ពាននេះ ដែល​នឹង​ជួយសម្រួលដល់ការធ្វើដំណើចេញពីទឹកដីខណ្ឌច្បារអំពៅដែលបច្ចុប្បន្ន​មានការ​កកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។  ស្ពានកោះនរា​ជាគម្រោង​របស់ក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ចំណាយការ​សាងសង់​ជាង​ ៣៨លានដុល្លារអាមេរិ។ ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ ទទឹង ២៤ ,៥០ម៉ែត្រ មាន ៤ គន្លង គឺ ២ គន្លងសម្រាប់រថយន្ត ១ គន្លងសម្រាប់ម៉ូតូ និង ១ គន្លងទៀត សម្រាប់អ្នកថ្មើជើង។  ស្ពានកោះនរាបាន​បើក​ការដ្ឋាន​សាងសង់​កាលពីថ្ងៃទី២៦ ​ខែតុលា ឆ្នាំ២០២០ គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៣។ តែ​បើ​តាម​មើលឃើញ​ជាក់ស្តែង​ការដ្ឋាន​ស្ពាន​អាច​បញ្ចប់​មុន​ផែនការ ហើយ​អាច​ដាក់​ឲ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះ​ដើម្បី​សម្រួល​ចរាចរណ៍ ​និង​បញ្ចៀស​ការ​កស្ទះ​នៅលើ​ស្ពាន​ព្រះមុនីវង្ស​៕   សម្រួលដោយ   ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង