រដ្ឋាភិបាលចំណាយថវិកាជិត ៣០លានដុល្លារ ដល់កម្មការិនីសម្រាលកូនជាង ៣៥ម៉ឺននាក់ នៅទូទាំងប្រទេស
លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា រហូតមកដល់ពេលនេះរដ្ឋាភិបាលបានចំណាយថវិកាប្រមាណ១១៤៩៥៥៦០០០០០រៀល ឬប្រហាក់ប្រហែល២៨៧៣៨៩០០ដុល្លារដល់កម្មការិនីសម្រាលកូនចំនួន៣៥៩៩១៤នាក់នៅទូទាំងប្រទេសក្នុងនោះមានកូនចំនួន៣៦២៣៨៩នាក់។ ការផ្តល់ជូននូវប្រាក់ឧបត្ថម្ភដល់ស្ត្រីជាកម្មការិនីសម្រាលកូនខាងលើគឺជាការអនុវត្តកម្មវិធីពិសេសមួយរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពនិងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតក៏ដូចជារួមចំណែកដោះស្រាយនូវទុក្ខលំបាកការខ្វះខាតក្នុងអំឡុងពេលសម្រាលមាតុភាព។ ក្នុងនោះស្ត្រីសម្រាលបានកូនម្នាក់ទទួលបាន ៤០ ម៉ឺនរៀល សម្រាលបានកូនភ្លោះ២ ទទួលបាន ៨០ម៉ឺនរៀលនិងសម្រាលបានកូនភ្លោះ ៣ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន ២សែនរៀលដែលបើកផ្ដល់ជូនតាមរយៈ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)ជាប្រតិបត្តិករផ្ទាល់។ ជាមួយគ្នានេះដែរ សម្រាប់អ្នកដែលសម្រាលបានកូនភ្លោះ ៣ នាក់ ក៏ទទួលបានប្រាក់ឧបត្ថម្ភពិសេសបន្ថែមពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀលទៀតផងដែរ។ថ្លែងនៅក្នុងឱកាសសម្ពោធអគារការិយាល័យកណ្តាលរបស់ប.ស.ស កាលពីពេលថ្មីៗនេះ លោករដ្ឋមន្ត្រីបានលើកឡើងថា សម្តេចនាយករដ្ឋមន្ត្រីបានសម្រេចផ្តល់អត្ថប្រយោជន៍បន្ថែមពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មរនិយោជិតស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំចាប់ពីខែ សីហាឆ្នាំ២០២៣តទៅ ក្នុងនោះ មុនពេលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភចំនួន៤លើកដោយ១លើក ទទួលបានថវិកា៨ម៉ឺនរៀល។ ពេលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភដោយកូនចំនួន១ទទួលបានថវិកា៨០ម៉ឺនរៀល កូនភ្លោះពីរទទួលបាន១លាន២សែនរៀលនិងកូនភ្លោះបីទទួលបាន១លាន៦សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀលទៀតផងដែរ។ លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រោយពេលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភចំនួន១០លើកដោយ១លើកទទួលបាន៨ម៉ឺនរៀលក្នុងនោះ៣លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាពក្រោយពេលសម្រាលកូននិង៧លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ២ឆ្នាំ៕ សម្រួលដោយ ទៀង បុណ្ណរី