ចោរឆក់កាបូប បណ្ដាលឱ្យនារីម្នាក់ស្លាប់ កាលពីកន្លះខែមុននៅកំពង់ធំ ឥឡូវទើបចាប់ខ្លួននៅភ្នំពេញ និងបញ្ជូនខ្លួនទៅតុលាការ!
កំពង់ធំ៖ សមត្ថកិច្ចខេត្តកំពង់ធំ នៅថ្ងៃទី០៨.០៧.២០២៣ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់។ ករណីឆក់កាបូបលុយ បណ្ដាលឱ្យនារីរងគ្រោះដួលបោកក្បាលស្លាប់ កាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៦A មុខផ្សារត្រពាំងវែង ភូមិពោធិ៍សែនស្នាយ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន។ ហើយជនដៃដល់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣។ ជនសង្ស័យឈ្មោះ ពិន ស៊ីថុល អាយុ១៧ឆ្នាំ ស្នាក់នៅភូមិទួលវិហារ ឃុំជ្រាប់ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងនោះដកហូតវត្ថុតាង ម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមផ្លាកលេខកំពង់ធំ1S-4055 និងទូរស័ព្ទ១គ្រឿង។ នៅមុនកើតហេតុជនសង្ស័យ២នាក់ ជិៈម៉ូតូឌុបគ្នា បានឆក់កាបូបពីជនរងគ្រោះជិៈម៉ូតូ៣នាក់ នៅមុខផ្សារត្រពាំងវែង បណ្ដាលឱ្យដួលរងរបួសធ្ងន់២នាក់ និងបោកក្បាលស្លាប់ម្នាក់ឈ្មោះ ញ៉េស ណារីដា ពេលបញ្ជូនទៅមន្ទីពេទ្យ។ ក្រោយចាប់បានម្នាក់ មន្ត្រីនគរបាលជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការខេត្តកំពង់ធំ នៅថ្ងៃទី០៨.០៧.២០២៣ ខណៈជនសង្ស័យម្នាក់ទៀត កំពុងរត់គេចខ្លួន៕ សម្រួលដោយ ទៀង បុណ្ណរី