ដំណឹងរីករាយ! រដ្ឋបាលជលផលខេត្តក្រចេះ ប្រទះឃើញកូនផ្សោតទី៥ ដែលកើតនៅអន្លង់កាំពី
ខេត្តក្រចេះ៖ កូនផ្សោតថ្មីមួយទៀតដែលទើបនឹងមានអាយុប្រមាណ១០ថ្ងៃ ត្រូវបានក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ ស្ទឹងត្រែង និងអង្គការ WWF បានកត់ត្រាទុកក្រោយប្រទះឃើញកំពុងហែលលេងនៅអន្លង់កាំពី ស្ថិតក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រុមការងារជំនាញបានទទួលព័ត៌មានពីក្រុមសហគមន៍អ្នកចម្លងទូកទេសចរណ៍ និងឆ្មាំទន្លេប្រចាំអន្លង់កាំពីបានចុះថតកូនផ្សោតនៅម៉ោង១១:៣០ នាទីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះនៅចំណុចអន្ទង់វៀន នៃអន្លង់កាំពី។ ហើយតាមការអង្កេតកូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ១០ថ្ងៃប៉ុណ្ណោះ ដោយវាកំពុងហែលជាមួយផ្សោតពេញវ័យចំនួន៩ក្បាលផ្សេងទៀត។ ជាការកត់សម្គាល់ នេះជាកូនផ្សោតទី៥ហើយ ដែលបានកត់ត្រាចាប់តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣។ សូមរម្លឹកថា នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាលផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី