សំណាង១ក្នុង១ពាន់គ្រោះថ្នាក់! រថភ្លើង និងរថយន្ត បុកគ្នាមួយទំហឹងលាន់ដូចរន្ទះ តែមនុស្សបែរជាមិនអី

ភ្នំពេញ៖ ពិតជាសំណាងណាស់ ករណីរថភ្លើងបុកជាមួយរថយន្ត​យ៉ាងពេញទំហឹង ប៉ុន្តែមិនបណ្តាលឱ្យមានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិតនោះទ្បើយ។ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ កើតទ្បើងនៅវេលាម៉ោង ១:១៥នាទីយប់រំលងអធ្រាត្រថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ តាមបណ្ដោយផ្លូវបេតុងអមផ្លូវរថភ្លើង នៅភូមិចម្ការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។  ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញមានរថយន្តមួយគ្រឿងម៉ាក់កាមរី បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២W-៥៣៣៧ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងអមផ្លូវរថភ្លើង​ ក្នុងទិសដៅពីលិចទៅកើតបត់ឆ្លងផ្លូវរថភ្លើង។ លុះមកដល់ចំណុចកើតហេតុស្របពេលផ្លូវងងឹតផងនោះ ស្រាប់តែមានរថភ្លើងជាប្រភេទមានតែក្បាលម៉ាស៊ីនមិនមានទូរខាងក្រោយ បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តម៉ាក់កាមរី បាឡែនចំពាក់កណ្ដាលពេញទំហឹង បណ្តាលឱ្យកំពិតទ្វារចំហៀងខាងស្ដាំ បណ្តាលឱ្យមានការខូចខាតដោយអន្លើរ។ ទន្ទឹមនឹងនោះ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងតំណាងខាងរថភ្លើងបានមកដល់ទីតាំងធ្វើការសម្រួលគ្នា ដើម្បីបញ្ចប់រឿងដោយភាគីទាំងពីរព្រមយករថភ្លើង និងរថយន្តទៅជួសជុលរៀងៗខ្លួន។  យ៉ាងណាមិញ សូមបងប្អូនទាំងអស់គួរមានការប្រុងប្រយ័ត្ន​ឱ្យបានខ្ពស់នៅពេលបើកបរ ពិសេសដល់ទីកន្លែង​ដែលងងឹត ហើយមានផ្លូវឆ្លងកាត់ផ្លូវរថភ្លើងបែបនេះ ត្រូវមើលឱ្យគ្រប់ជ្រុងជ្រោយ ថាមានសុវត្ថិភាពឬក៏អត់ ចាំបន្តទៅមុខកុំឱ្យជួបហេតុការណ៍ដូចករណីខាងលើនេះ។​ បើយើងប្រហែសតែមួយរំពេច វាពិតជាបង្កឱ្យមានគ្រោះថ្នាក់កើតទ្បើងដែលអាចបាត់បង់ដល់អាយុជីវិតផងដែរ៕  សម្រួលដោយ  ទៀង  បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង